(សេអ៊ូល)៖ ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃអង្គារ ទី១១ ខែមីនា បាននិយាយថាគោលនយោបាយ America First របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមកំណត់គោលដៅលើប្រទេសរបស់លោកហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក Choi កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងវិធានការពន្ធគយ និងកិច្ចសហប្រតិបត្តិការរឹងមាំស្ដីពីថាមពល ព្រមទាំងការផលិតនាវា បានចាប់ផ្ដើមហើយ នៅមុន ការអនុវត្តគោលនយោបាយយកពន្ធគយ គ្រោងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។ លោក ត្រាំ បានប្រកាសពីគោលនយោបាយយកពន្ធគយលើប្រទេសជាដៃគូពាណិជ្ជកម្ម ទាំងអស់របស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២ ខែមេសាខាងមុខនេះតទៅ។

បន្ថែមពីលើនេះ ដោយផ្អែកលើសុន្ទរកថាទៅកាន់ទៅសភាទាំង២របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ លោក Choi ក៏បានឱ្យដឹងដែរថាលោក ត្រាំ បានសម្លុតគំរាមដាក់សម្ពាធ ជាអតិបរមាលើកូរ៉េខាងត្បូង។​

គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ លោក Choi Sang-mok បានបង្គាប់ក្រុមមន្ត្រីកូរ៉េខាងត្បូង ធ្វើការទំនាក់ទំនងយ៉ាងសកម្មជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីដោះស្រាយរាល់ ការយល់ច្រឡំពាក់ព័ន្ធនឹងអត្រាយកពន្ធ៕