(ហ្សាការតា)៖ ឥណ្ឌូណេស៊ី និងវៀតណាម កាលពីថ្ងៃចន្ទ ១០ ខែមីនា បានឯកភាពគ្នាលើការធ្វើបច្ចុប្បន្នភាពទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈមេដឹកនាំនៃប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង២ បានជួបគ្នាក្នុងទីក្រុងហ្សាការតា ដើម្បីប្រារព្ធខួបលើកទី៧០ នៃទំនាកទំនងការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បានបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក Prabowo Subianto នៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា។ ថ្លែងនៅឯសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួប លោក Prabowo បានគូសបញ្ជាក់ថា «យើងបានឯកភាពនៅក្នុងជំនួបរបស់យើងថាយើងចង់ពង្រឹង ទំនាក់ទំនងរបស់យើង កិច្ចសហប្រតិបត្តិការរបស់យើង។ យើងចង់ធ្វើបច្ចុប្បន្នទំនាក់ទំនងរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ...ហើយយើងពិតជាចង់ពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យទំាងអស់»។
គួរបញ្ជាក់ថា លោក Prabowo បាននិយាយថាលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលឆាប់ៗ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ តំបន់សេដ្ឋកិច្ចរបស់យើង ដោយសង្កត់ធ្ងន់ថាលោកសង្ឃឹមថាសភាឥណ្ឌូណេស៊ីនឹងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅខែមេសាខាងមុខ៕