(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តីនៃដែនដី Greenland លោក Mute Egede បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនធ្លាប់បង្ហាញការគោរពចំពោះ Greenland ទេ ចាប់តាំងពីលោកបង្ហាញអារម្មណ៍ចង់បានជាថ្មី នូវកោះក្នុងតំបន់អាកទិកដ៏ធំល្វឹងល្វើយ និងសម្បូរទៅដោយធនធានរ៉ែមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។
លោក Egede បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដាណឺម៉ាកថា «យើងសាកសមទទួលបានការគោរព ហើយលោក ត្រាំ មិនធ្លាប់ធ្វើបែបនោះឡើយ តាំងពីឡើងកាន់តំណែងមក។ ខ្ញុំគិតថាអ្វីដែលលោក ត្រាំ និយាយថ្មីៗនេះ ធ្វើឱ្យប្រជាជនមិនចង់ចូលទៅជិតអាមេរិក ដូចដែលពួកគេចង់បានពីមុនឡើយ»។ លោកបន្ថែមថា «យើងត្រូវគូសបន្ទាត់មួយ ហើយដាក់ការខិតខំប្រឹងប្រែងថែមទៀត ទៅក្នុងការបណ្តុះទំនាក់ទំនងជាមួយប្រទេស ដែលបង្ហាញនូវការគោរពចំពោះអនាគតដែលយើងចង់កសាង»។ ខណៈការបោះឆ្នោតជិតមកដល់ លោក Egede បាននិយាយជាថ្មីថា Greenland ដែលមានប្រជាជន ៥៧ ០០០នាក់គឺជាកម្មសិទ្ធិរបស់ប្រជាជន ហើយប្រជាជន Greenland គឺជាអ្នកសម្រេចចិត្តលើអនាគតពួកគេ។
គួរបញ្ជាក់ថា Greenland ដែលរដ្ឋធានី Nuuk ស្ថិតនៅជិតទីក្រុង New York ជាងរដ្ឋធានី Copenhagen របស់ដាណឺម៉ាក មានទ្រព្យសម្បត្តិរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ ប៉ុន្តែការអភិវឌ្ឍន៍មានលក្ខណៈយឺតយ៉ាវ ហើយសេដ្ឋកិច្ចនៅតែពឹងផ្អែកខ្លាំងលើការនេសាទ ក៏ដូចជាការឧបត្ថម្ភធនប្រចាំឆ្នាំពីដាណឺម៉ាក៕