(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិកជំទាស់នឹងពាក្យសម្តីណាមួយ ដែលបង្អាក់ដល់កិច្ចប្រឹងប្រែងនាំយករុស្ស៉ី ​និងអ៊ុយក្រែនមកកាន់តុចរចា ខណៈទីក្រុងវ៉ាស៉ីនតោនកំពុងមិនសប្បាយចិត្តនឹងសម្ព័ន្ធមិត្ត G7 នៅមុនកិច្ចប្រជុំសប្តាហ៍នេះ ដែលធ្វើឱ្យពួកគេកាន់តែព្រួយបារម្ភថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។

រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យធំៗចំនួន ៧ ឬ G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ត្រៀមជួបប្រជុំនៅឯទីក្រុងឆ្នេរសមុទ្រ La Malbaie រដ្ឋ Quebec ប្រទេសកាណាដា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា និងជាលើកដំបូងចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់ដំណែង។ កាណាដា សង្ឃឹមថា G7 អាចឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមមួយ រាប់ចាប់ពីសង្រ្គាមនៅអ៊ុយក្រែនរហូតដល់មជ្ឈិមបូព៌ា និងប្រទេសចិន។

ប៉ុន្តែស្របពេលដែលគោលជំហររបស់អាមេរិកចំពោះរុស្ស៉ី ហាក់មានភាពប្រែប្រួល ក្រុមអ្នកការទូតនិយាយថា កិច្ចព្រមព្រៀងលើសេចក្តីថ្លែងការណ៍រួមកំពុងបង្ហាញពីការលំបាកខ្លាំង គ្រាដែលសហរដ្ឋអាមេរិក ស្វែងរកការបន្ធូបន្ថយទណ្ឌកម្ម និង​សង្គ្រាម​របស់​រុស្ស៉ីនៅ​​អ៊ុយក្រែន ខណៈ​ទាមទារ​ឱ្យមានការប្រើពាក្យសម្តី​តឹងរ៉ឹងចំពោះ​​ចិន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាជាមួយមន្ត្រីអ៊ុយក្រែន លោក Rubio និយាយថា វាតែងតែមានចំណុចជាប់គាំង ហើយទីក្រុងវ៉ាស៉ីនតោនមិនអាចចុះហត្ថលេខាលើអ្វីដែលរារាំងដល់ការនាំយករុស្ស៉ី និងអ៊ុយក្រែនមកកាន់តុចរចានោះឡើយ។ លោកបញ្ជាក់​​ថា​ «​យើង​មាន​អារម្មណ៍​ថា​ពាក្យសម្តី​ប្រឆាំង ​ពេល​ខ្លះ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​នាំ​ភាគី​នានាមក​តុចរចា​»

គួរបញ្ជាក់ថា G7 មានការឯកភាពគ្នា ចាប់តាំងពីសមាជិកភាពរបស់រុស្ស៉ី ត្រូវបានផ្អាកក្នុងខែមីនា ឆ្នាំ ២០១៤ ដើម្បីជាការឆ្លើយតបទៅនឹងការកាត់បញ្ចូលតំបន់គ្រីមៀ និងបញ្ជាក់ពីការគាំទ្រសម្រាប់អ៊ុយក្រែន ប៉ុន្តែឥលូវនេះ លោក ត្រាំ កំពុងទាញសហរដ្ឋអាមេរិកឱ្យខិតទៅជិតទីក្រុងមូស្គូ ជាមួយនិងការរិះគន់អ៊ុយក្រែន៕