(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារ ទី១១ ខែមីនាថា កងកម្លាំងរបស់រុស្ស៉ី បានវាយប្រហារមកលើអ៊ុយក្រែន ជាមួយមីស៉ីលបាលិស្ទីគ១គ្រាប់ និងយន្តហោះដ្រូនចំនួន១២៦គ្រឿង ហើយជាលទ្ធផល បានបង្កឱ្យឆាបឆេះទីតាំងស្តុកឥន្ធនៈ១កន្លែង និងបង្កឱ្យមនុស្សយ៉ាងហោច ២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ថា មីស៉ីលបាលិស្ទីគដែលជាប្រភេទ Iskander-M និងដ្រូន៧៩គ្រឿង ត្រូវបានបាញ់ទម្លាក់ ខណៈ៣៥គ្រឿងទៀត ត្រូវបានរារាំងមិនឱ្យហោះ ទៅដល់គោលដៅ ដោយសារប្រព័ន្ធទប់ទល់អេឡិចត្រូនិក។ នៅឯតំបន់ Odesa ភាគខាងត្បូង ទីតាំងស្តុកឥន្ធនៈ១កន្លែង និងលំនៅដ្ឋាន១ខ្នង ត្រូវបានឆាបឆេះ ចំណែកនៅតំបន់ Kharkiv ភាគឦសាន មនុស្សម្នាក់បានរងរបួស ខណៈឃ្លាំងស្តុកផលិតផលកសិកម្ម១កន្លែង បានរងការខូចខាត។ ដោយឡែក នៅតំបន់ Sumy នៃប៉ែកឦសានដូចគ្នា ការវាយប្រហាររបស់រុស្ស៉ី បានបង្កឱ្យមនុស្សម្នាក់រងរបួស និងខូចខាតអគារស្នាក់នៅ១ខ្នង។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើ គឺក្នុងថ្ងៃតែមួយដែលខាងអាជ្ញាធររុស្ស៉ី បានអះអាងថា អ៊ុយក្រែន បានបើកការវាយប្រហារដ៏ធំមួយ តាមផ្លូវអាកាសដោយប្រើប្រាស់ដ្រូនលើរុស្ស៉ី។ បើតាមការអះអាងរបស់រុស្ស៉ី យន្តហោះដ្រូនរហូតដល់ទៅ៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់ នៅតំបន់មួយចំនួន ក្នុងនោះរួមមាន៩១គ្រឿង នៅតំបន់មូស្គូ និង១២៦គ្រឿង នៅតំបន់ Kursk ក្បែរព្រំប្រទល់អ៊ុយក្រែន ហើយមនុស្សយ៉ាងហោច២នាក់បានស្លាប់៕