(ប៉េកាំង)៖ លទ្ធផលនៃមហាសន្និបាតសភាទាំងពីរ បានបញ្ជូនសញ្ញាយ៉ាងច្បាស់ដល់ពិភពលោកថា ក្នុងនាមជា មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិននឹ ងប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ដែលជំរុញដោយនវានុវត្តន៍ ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងយុគសម័យថ្មី។
នេះមិនមែនគ្រាន់តែជាជម្រើសយុទ្ធសាស្រ្តសម្រាប់ចិន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់សកល ដែលកំពុងកើនឡើង និងលើកកម្ពស់កិត្យានុភាពជាតិទេ ប៉ុន្តែគឺជាចក្ខុវិស័យ ប្រកបដោយបរិវត្តន៍កម្ម ដែលនឹងផ្តល់ឧត្តមប្រយោជន៍ដល់ ការរីកចម្រើនសង្គម-សេដ្ឋកិច្ច សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាន នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។
មិនថាស្ថានការណ៍ពិភពលោក មានការប្រែប្រួលឆាប់រហ័សយ៉ាងណា រដ្ឋាភិបាលចិននៅតែប្រកាន់ជំហរឥតងាករេ ក្នុងការពង្រឹងការអភិវឌ្ឍប្រកបដោយគុណខ្ពស់ និងចាត់ទុក “នវានុវត្តន៍” គឺជាកម្លាំងជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ដូចបានរំលេចក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិន ដែលមានកម្រាស់ ៤៤ ទំព័រ រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើ ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ស្របតាមលក្ខខណ្ឌក្នុងស្រុក ខណៈលើកកម្ពស់បច្ចេកវិទ្យាកម្រិតខ្ពស់ ការបណ្តុះទេពកោសល្យ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីវិវត្តខ្លួនក្លាយទៅជាប្រទេសឈានមុខ ក្នុងនវានុវត្តន៍សកល។
អ្វីដែលសហគមន៍អន្តរជាតិកោតសរសើរ និងមើលឃើញជាទូទៅនោះគឺថា ចិនគឺជាប្រទេសដែលហ៊ាននិយាយ ហើយហ៊ានធ្វើ។ គ្រប់ផែនការដែលចិនបានដាក់ចេញ តែងត្រូវបានអនុវត្ត ជាមួយនឹងសកម្មភាពជាក់ស្តែង ហើយរមែងទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់។ ជាមួយនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេច នូវវឌ្ឍនភាពសំខាន់ៗជាច្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលរាប់ចាប់តាំងពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឆ្លាតវៃ រថភ្លើងល្បឿនលឿន យន្តហោះពាណិជ្ជកម្ម ឧស្សាហកម្មមនុស្សយន្ត យានយន្តដើរដោយថាមពលបង្កើតថ្មី រហូតដល់បច្ចេកវិទ្យាជីវសាស្ត្រ និងថាមពលបៃតង។
កាន់តែគួរឱ្យកោតស្ញប់ស្ញែងនោះគឺថា វាលខ្សាច់ល្វឹងល្វើយក្នុងប្រទេសចិន ជាពិសេសនៅ Kubuqi ត្រូវបានកែប្រែក្លាយទៅជា វាលស្មៅពណ៌ខៀវស្រងាត់ ដោយសារតែការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបច្ចេកទេសកែលម្អដី និងការប្រើប្រាស់ពូជរុក្ខជាតិ ដែលធន់នឹងគ្រោះរាំងស្ងួត។ លើសពីនេះ ការលេចចេញឡើងនូវវត្តមានក្រុមហ៊ុន AI របស់ចិនឈ្មោះថា “Deepseek” ដែលមានឯកទេសក្នុងការអភិវឌ្ឍគំរូភាសាធំៗ ជាមួយនឹងប្រភពបើកចំហរ និងសមត្ថភាពខ្ពស់ បានបង្ករការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិ និងបានរួមចំណែកដល់ការបង្កើតទិដ្ឋភាពថ្មីសម្រាប់ AI សកល ព្រមទាំងជំរុញការប្រកួតប្រជែង នៅក្នុងវិស័យនេះ។
ផ្អែកលើទស្សនៈថា "ព្រិលទឹកកកក៏ជាភ្នំមាស ភ្នំប្រាក់" ប្រទេសចិនបានទាញយកដោយជោគជ័យ នូវសក្តានុពល នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីកែប្រែធនធានរដូវរងាររបស់ខ្លួន ឱ្យក្លាយទៅជាទ្រព្យសម្បត្តិសេដ្ឋកិច្ច និងបានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើ វិស័យទេសចរណ៍រដូវរងា ការពង្រីកឧស្សាហកម្មកីឡាព្រិល និងទឹកកក ក៏ដូចជាការកសាង ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។ ជាលទ្ធផល ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីរដូវរងាលើកទី៩កាលពីពេលថ្មីៗនេះ ខណៈប្រជាប្រិយភាព នៃកីឡារដូវរងាក្នុងប្រទេសចិន ក៏ចាប់ផ្តើមមានសន្ទុះគួរឱ្យកត់សម្គាល់។ ទំហំសេដ្ឋកិច្ចទឹកកកចិន ត្រូវបានរំពឹងទុកថានឹងកើនលើសពី ១ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០២៥ និង ១,៥ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០៣០។ ភាពជោគជ័យរបស់ចិននៅក្នុងវិស័យសេដ្ឋកិច្ចទឹកកកនេះ គឺជាគំរូនៃ "កម្លាំងផលិតកម្មគុណភាពថ្មី" តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ពិតណាស់ថា សមិទ្ធផលលេចធ្លោខាងលើនេះ គឺពុំកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលដែលបានមកពីកិច្ចប្រឹងប្រែង និងកម្លាំងសាមគ្គីភាពរបស់ប្រជាជនចិន ទាំង ១,៤ ពាន់លាននាក់ និងថ្នាក់ដឹកនាំចិនគ្រប់ជាន់ថ្នាក់ ជាពិសេស ក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង។ ភាពជោគជ័យរបស់ចិនក្នុងដំណើរឆ្ពោះទៅរក ការអភិវឌ្ឍដែលជំរុញ ដោយនវានុវត្តន៍ មិនត្រឹមតែបានក្លាយទៅជាមោទកភាពជាតិ សម្រាប់ប្រជាជនចិនទេ តែក៏រួមចំណែកដល់ការអភិវឌ្ឍសកលផងដែរ។
ក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍ AI ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ ការបង្កើតអភិបាលកិច្ច AI សកល។ ការដាក់ចេញ នូវគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល ដោយលោកប្រធាន ស៊ី កាលពីឆ្នាំ២០២៣ បានបង្ហាញពីជំហរប្រកបដោយបុរេសកម្មរបស់ចិន ក្នុងការដោះស្រាយគម្លាតនៃប្រព័ន្ធឌីជីថលសកល ដែលកំពុងបន្តកើនឡើង និងរួមចំណែកដល់ការកសាងសមត្ថភាព AI របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាឱ្យបាន នូវអភិបាលកិច្ច AI ប្រកបដោយអភិសមាចារ និងបរិយាបន្ន សម្រាប់ប្រជាជាតិទាំងអស់។
ជារួម ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាន នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែពង្រឹង កិត្យានុភាពរបស់ចិននោះទេ ប៉ុន្តែក៏នឹងនាំមកនូវឧត្តមប្រយោជន៍ដល់ពិភពលោកទាំងមូល ក្នុងយុគសម័យថ្មីនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផងដែរ៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា