(ម៉ូស្គូ)៖ វិមាន​ក្រឹមឡាំង​ បាន​ចេញ​សារ​ព្រមាន​ដល់​ប្រជាជន​រុស្ស៊ី​ កុំ​ឲ្យ​មាន​សុទិដ្ឋិនិយម​ជ្រុល​ពេក​ ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជុំវិញ​បញ្ហា​អ៊ុយក្រែន ទោះបីជា​សកម្មភាព​ទាំងនោះ​ពេលខ្លះ​ហាក់​ដូចជា​មាន​ប្រយោជន៍​ដល់​ទីក្រុង​ម៉ូស្គូ​ក៏​ដោយ។ វិមាន​ក្រឹមឡាំង​បាន​ជំរុញ​ឲ្យ​មានការ​ត្រៀមខ្លួន​សម្រាប់ «សេណារីយ៉ូ​អាក្រក់​បំផុត»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ផ្អាក​ជំនួយ​យោធា​ និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ដល់​អ៊ុយក្រែន ក្រោយ​ពី​មាន​ជំនួប​ដ៏​តានតឹង​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy កាលពី​ខែ​មុន។ ទន្ទឹម​នឹង​នេះ កងកម្លាំង​រុស្ស៊ី​បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ​ក្នុង​ការ​រុញច្រាន​កងកម្លាំង​អ៊ុយក្រែន​ចេញពី​តំបន់ Kursk ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​ទស្សនិកជន​ នៅ​សាលា​សេដ្ឋកិច្ច​ជាន់ខ្ពស់​ក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ដាស់តឿន​ប្រជាជន​រុស្ស៊ី​កុំ​ឲ្យ «ពាក់​វ៉ែនតា​ពណ៌​ផ្កាឈូក» ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​រដ្ឋបាល​អាមេរិក។ លោក​បាន​សង្កត់ធ្ងន់​ថា «យើង​ត្រូវ​សង្ឃឹម​សម្រាប់​អ្វី​ដែល​ល្អ​បំផុត ប៉ុន្តែ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​អ្វី​ដែល​អាក្រក់​បំផុត។ ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​យើង»

គួរបញ្ជាក់ថា ការ​ព្រមាន​របស់​លោក Peskov ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​មួយ​ផ្នែក​មាន​គោលបំណង​កំណត់​ថា​ តើ​អ៊ុយក្រែន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សម្បទាន​ជា​រូបវន្ត​ដល់​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​ឬ​យ៉ាងណា។ ប្រសិនបើ​កិច្ច​ពិភាក្សា​ទាំងនេះ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ទីក្រុងកៀវ​សង្ឃឹមថា លោក ត្រាំ អាច​នឹង​បន្ត​ជំនួយ​យោធា និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ពេញលេញ​ឡើង​វិញ៕