(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃអង្គារ ទី១១ ខែមីនា ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលកំពុងបើកការស៊ើបអង្កេតលើ ការចោទប្រកាន់រូបលោកជុំវិញឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលត្រូវបានប្រព្រឹត្តអំឡុងសង្រ្គាមប្រឆាំងគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ក្រោមអណត្តិដឹកនាំរបស់លោក Duterte។ លោក Duterte ត្រូវបានចាប់ខ្លួននៅពេលរូបលោកធ្វើដំណើរទៅដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីល ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង ហើយនៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះចូលដល់ខួបកំណើតគម្រប់៨០ឆ្នាំរបស់លោក។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកនេះ (ថ្ងៃអង្គារ ទី១១ ខែមីនា) ប៉ូលិស Interpol Manila ទទួលបានសេចក្ដីចម្លងនៃដីកាចាប់ខ្លួន ពី ICC... ហើយខណៈពេលនេះ លោក (Duterte) កំពុងស្ថិតក្រោមការឃុំខ្លួនដោយអាជ្ញាធរ»។
ដោយលើកហេតុផលការពារសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅឯទីក្រុងហុងកុងនោះដែរ លោក Duterte បាននិយាយដូច្នេះថា «ហេតុអ្វីបានជា ខ្ញុំធ្វើវា? តើសម្រាប់ខ្លួនខ្ញុំផ្ទាល់? សម្រាប់គ្រួសារខ្ញុំឬ? គឺសម្រាប់អ្នកទាំងអស់គ្នា និងក្មេងៗជំនាន់ក្រោយ ហើយសម្រាប់ប្រទេសជាតិយើង។ ប្រសិនបើដីកាចាប់ខ្លួនជាការពិត បើនេះពិតជាវាសនាក្នុង ឆាកជីវិតរបស់ខ្ញុំ គឺមិនអីនោះទេ ខ្ញុំនឹងទទួលយកវា។ ពួកគេអាចចាប់ខ្ញុំ អាចដាក់គុកខ្ញុំ។ តើអ្វីទៅជាទោសកំហុសរបស់ខ្ញុំ? ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងអំឡុងពេលកាន់អំណាច គឺដើម្បីតែសន្តិភាពនិងជីវិត រស់នៅដោយសុខសាន្តសម្រាប់ប្រជាជនហ្វីលីពីន»។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីសង្រ្គាមប្រឆាំងគ្រឿងញៀនអំឡុងអាណត្តិជាប្រធានាធិបតីរបស់លោក Duterte ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។
* យុទ្ធនាការប្ដេជ្ញាសម្លាប់
ធ្លាប់កាន់តំណែងជាអតីតចៅហ្វាយក្រុង Davao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន លោក Rodrigo Duterte ត្រូវបានគេដាក់រហ័ស្សនាមឱ្យថា «អ្នកដាក់ទណ្ឌកម្ម» ដោយសារតែគោលនយោបាយ ដ៏តឹងរ៉ឹងរបស់លោក។ ការគំរាមសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀន បានក្លាយជាកម្លាំងចលករមួយដែលជំរុញឱ្យយុទ្ធនាការឃោសបោះឆ្នោតប្រធានាធិបតីរបស់លោក Duterte កាលពីឆ្នាំ២០១៦ ទទួលបាន ជោគជ័យ។ នៅក្នុងចំណោមសុន្ទរកថាអំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Duterte បាននិយាយថា «កុំខ្វល់ពីច្បាប់ស្ដីពីសិទ្ធិមនុស្ស។ ប្រសិនបើខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ខ្ញុំនឹងធ្វើដូចដែល ខ្ញុំបានធ្វើនៅពេលខ្ញុំកាន់តំណែងជាចៅហ្វាយក្រុង»។ លោកបានអះអាងថាយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់លោកក្នុងទីក្រុង Davao បានធ្វើឱ្យប្រជាជនក្នុងទីក្រុងមួយនេះមានសុវត្ថិភាពពីពួកឧក្រិដ្ឋជន។ «ខ្ញុំចង់និយាយថាសម្លាប់ពួកឧក្រិដ្ឋជនឱ្យបាន ៥នាក់ជារៀងរាល់សប្ដាហ៍ នោះពួកឧក្រិដ្ឋជននឹងត្រូវបានកម្ចាត់»។ នេះជាការលើកឡើងរបស់លោក Duterte ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
* បង្រ្កាបគ្រឿងទូទាំងប្រទេស
យុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់លោក Duterte បានក្លាយទៅជាសង្រ្គាមប្រឆាំងគ្រឿងញៀន ប៉ុន្មានខែក្រោយរូបលោកឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន ក្នុងឆ្នាំ២០១៦។ គិតត្រឹមចុងឆ្នាំដដែល សង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte បានរាលដាលនៅទូទាំងប្រទេសហ្វីលីពីន ហើយមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។ ប៉ូលិសហ្វីលីពីនក្រោមអាណត្តិរបស់លោក Duterte បានសម្លាប់ មនុស្សជាង ២០០០នាក់ ដែលជាជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោក Duterte ស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ចុងឆ្នាំដដែល។
ភាគច្រើននៃអ្នកស្លាប់គឺត្រូវបានបាញ់សម្លាប់។ អង្គការសិទ្ធិមនុស្សជឿជាក់ថាតួលេខអ្នកស្លាប់ គឺមានច្រើនជាងច្រើនតួលេខដែលផ្ដល់ដោយរដ្ឋាភិបាល។ ប៉ុន្តែ រដ្ឋាភិបាលលោក Duterte បានច្រានចោល។ ការបង្រ្កាប និងការកើនឡើងចំនួនអ្នកស្លាប់ មិនបានធ្វើឱ្យប្រជាប្រិយភាពលោក Duterte ធ្លាក់ចុះនោះទេ។ តាមការស្ទង់មតិមួយចេញផ្សាយដោយទីភ្នាក់ងារស្រាវជ្រាវ Social Weather Stations ក្នុងខែធ្នូ ឆ្នាំ២០១៦ បានបង្ហាញប្រជាជនហ្វីលីពីន ៧៧ភាគរយ ពេញចិត្តទៅនឹងការដឹកនាំរបស់លោក Duterte។
* តួលេខចុងក្រោយនៃអ្នកស្លាប់
គិតត្រឹមពេលលោក Duterte ចប់អាណត្តិជាប្រធានាធិបតីក្នុងឆ្នាំ២០២២ តួលេខអ្នកស្លាប់ផ្លូវការក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀនបានកើនឡើងយ៉ាងហោច ៣ដង។ ប៉ូលិសហ្វីលីពីនបាននិយាយថាជនសង្ស័យ ៦២០០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ ក្រោយមកទៀត រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់ជាផ្លូវការថាអ្នកស្លាប់មានចំនួន ៦២៤៨នាក់។ ប៉ុន្តែក្រុមសកម្មជនការពារសិទ្ធិមនុស្ស នៅតែជឿថាតួលេខអ្នកស្លាប់មានច្រើនជាងតួលេខរបស់រដ្ឋាភិបាល ដ្បិតមានមនុស្សជាច្រើនត្រូវបានសម្លាប់ក្នុងកាលៈទេសដ៏អាថ៌កំបាំង។
* ការស៊ើបអង្កេតរបស់ ICC និងដីកាចាប់ខ្លួន
ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសថាខ្លួននឹងដឹកនាំការស៊ើបអង្កេតបឋមលើអ្នកស្លាប់នៅក្នុងប្រទេសហ្វីលីពីន។ ជិតមួយខែក្រោយមក លោក Duterte បាននិយាយថាលោកនឹងដកហ្វីលីពីនចេញពី ICC។ ហ្វីលីពីនបានដកខ្លួនចេញពី ICC ជាផ្លូវការនៅខែមីនា ឆ្នាំ២០១៩។ ចំណែក ការស៊ើបអង្កេតរបស់ ICC ត្រូវបានផ្អាកក្នុងឆ្នាំ២០២១ បន្ទាប់ពីហ្វីលីពីន បានអះអាងថាខ្លួនមានសមត្ថភាពស៊ើបអង្កេត និងកាត់ទោសអ្នកល្មើសច្បាប់ដោយខ្លួនឯង។ តែទោះជាបែបនេះក្ដី ក្នុងឆ្នាំ២០២៣ ការស៊ើបអង្កេតរបស់ ICC បានចាប់ផ្ដើមឡើងវិញ ដោយតុលាការនេះសំអាងថា ខ្លួនមិនពេញចិត្តជាមួយកិច្ចប្រឹងប្រែងរបស់ហ្វីលីពីននោះទេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្នរបស់លោកប្រធានាធិបតី Ferdinand Marcos Jr ធ្លាប់បាននិយាយថានឹងមិនធ្វើកិច្ចសហប្រតិបត្តិការជាមួយ ICC ឡើយ។ ប៉ុន្តែ រហូតដល់ចុងឆ្នាំ២០២៤ ពោលគឺ ក្រោយ ជម្លោះនយោបាយរវាងគ្រួសារ Duterte និងគ្រួសារលោក Marcos ឡើងកម្ដៅខ្លាំង លោក Marcos បាននិយាយថានឹងអនុវត្តតាមដីកាចាប់ខ្លួនណាមួយ ហើយរដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីនវិញ បានប្រាប់ Reuters កាលពីខែមករា ឆ្នាំ២០២៥ថារដ្ឋាភិបាលហ្វីលីពីនបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ៕