(វ៉ារស្សាវ៉ា)៖ នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​មាន​គម្រោង​ចាប់ផ្តើម​កម្មវិធីបណ្តុះបណ្តាល​យោធា​ដោយ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ឆ្នាំ​ក្រោយ ដោយ​កំណត់​គោលដៅ​​អ្នកស្ម័គ្រចិត្ត​ចូលរួមចំនួន ១០០,០០០ នាក់​ ​ត្រឹម​ឆ្នាំ ២០២៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Tusk បាន​ថ្លែង​មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា លោក​មាន​សុទិដ្ឋិនិយម​ថា​គោលដៅ​នេះ​អាច​សម្រេច​បាន ហើយ​ថា​រាល់​អ្នក​ដែល​ចាប់អារម្មណ៍​នឹង​អាច​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​បាន​មិន​ឲ្យ​លើស​ពី​ឆ្នាំ ២០២៦។ លោក​បាន​បន្ថែម​ថា បន្ថែម​ពីលើ​កងទ័ព​អាជីព និង​កងកម្លាំង​ការពារ​ដែនដី ប៉ូឡូញ​ត្រូវ​ការ​កសាង​កងទ័ព​បម្រុង​ដ៏​រឹងមាំ ហើយ​កម្មវិធី​នេះ​នឹង​រួមចំណែក​ដល់​គោលដៅ​នោះ។

សេចក្តី​ប្រកាស​នេះ​ កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល ​បាន​គាំទ្រ​សំណើ​ផ្តល់​ការ​ហ្វឹកហ្វឺន​យោធា​ដល់​បុរស​ពេញវ័យ​ទាំងអស់​កាលពី​សប្តាហ៍​មុន ខណៈ​ដែល​ប្រទេស​ប៉ូឡូញ​កំពុង​បង្កើន​ការ​ត្រៀម​ខ្លួន​ផ្នែក​យោធា​ ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​ដែល​អាច​កើត​មាន​ពី​ប្រទេស​រុស្ស៊ី។ ប៉ូឡូញ​ដែល​មាន​ព្រំដែន​ជាប់​នឹង​អ៊ុយក្រែន បច្ចុប្បន្ន​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ក្នុង​សមាមាត្រ​ខ្ពស់​ជាង​ប្រទេស​សមាជិក​ណាតូ​ដទៃ​ទៀត។

ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ចូលរួម លោក Tusk បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​ផ្ដល់​អត្ថប្រយោជន៍​បន្ថែម​ដល់​អ្នក​ស្ម័គ្រចិត្ត ដូចជា​លទ្ធភាព​ទទួល​បាន​ប័ណ្ណ​បើកបរ​យានយន្ត​ធុន​ធ្ងន់​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់។ លោក​បាន​បញ្ជាក់​ថា ជំនាញ​ទាំងនេះ​នឹង​មាន​ប្រយោជន៍​ទាំង​ក្នុង​ពេល​មាន​សង្គ្រាម និង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ រដ្ឋាភិបាល​ក៏​កំពុង​ពិចារណា​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​ក្រុម​ជំនាញ​ជាក់លាក់​ផង​ដែរ៕