(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១១ ខែមីនា បាននិយាយថាលោកអាចនឹងជជែកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពី អ៊ុយក្រែន បានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ ក៏បានលើកឡើងផងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍នេះឬ? លោក ត្រាំ បានឆ្លើយថា «ពិតណាស់ ខ្ញុំគិតដូច្នេះ ដែរ»។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ហ្សេលេនស្គី នឹងត្រឡប់មកកាន់សេតវិមានជាថ្មីវិញឬ? ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថាប្រាកដណាស់ លោក ហ្សេលេនស្គី នឹងត្រូវ បានអញ្ជើញ ហើយនៅពេលត្រូវបានសួរពីលទ្ធភាពនៃបទឈប់បាញ់ទាំងស្រុងមួយនៅអ៊ុយក្រែន លោក ត្រាំ បានគូសបញ្ជាក់ថា «ពិតណាស់ ខ្ញុំសង្ឃឹមថាវានឹងសម្រេចបាននៅប៉ុន្មានខាងមុខនេះ ហើយ ខ្ញុំពិតជាចង់ឃើញ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់លោក ត្រាំ ធ្វើឡើង ក្រោយក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលសហរដ្ឋអាមេរិកបានយល់ព្រមចាប់ផ្ដើម ការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឡើងវិញជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែនបាននិយាយថានឹងយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយមានរយៈពេល៣០ថ្ងៃ របស់សហរដ្ឋអាមេរិក៕