(មូស្គូ)៖ សមាជិកព្រឹទ្ធសភាដែលមានឥទ្ធិពលមួយរូបរបស់រុស្ស៉ី នៅថ្ងៃពុធ ទី១២ ខែមីនា បានបញ្ចេញមតិជុំវិញសំណើបទឈប់បាញ់ ដែលព្រមព្រៀងគ្នារវាងក្រុមមន្រ្តីអាមេរិក និងអ៊ុយក្រែន ដោយនិយាយថា កិច្ចព្រមព្រៀងណាមួយស្តីពីសង្រ្គាមអ៊ុយក្រែន នឹងត្រូវតែឈរលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ មិនមែនរបស់ទីក្រុងវ៉ាស៉ីនតោន នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥។
លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃព្រឹទ្ធសភារុស្ស៉ី បាននិយាយដូច្នេះថា «រុស្ស៉ីកំពុងតែទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែន ដូច្នេះវានឹងជារឿងខុសគ្នាជាមួយរុស្ស៉ី។ កិច្ចព្រមព្រៀងណាក៏ដោយ ត្រូវតែផ្អែកលើលក្ខខណ្ឌរបស់យើង មិនមែនរបស់អាមេរិកនោះឡើយ។ នេះមិនមែនជាការអួតអាងទេ ប៉ុន្តែជាការយល់ដឹងថា កិច្ចព្រមព្រៀងពិតប្រាកដ កំពុងបន្តស្ថិតក្រោមការសរសេរ នៅសមរភូមិមុខនៅឡើយ ហើយវាក៏ជាអ្វីដែលទីក្រុងវ៉ាស៉ីនតោន គួរតែយល់ផងដែរ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើរបស់សមាជិកព្រឹទ្ធសភារុស្ស៉ី គឺក្រោយក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែលសហរដ្ឋអាមេរិកបានយល់ព្រមចាប់ផ្ដើម ការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឡើងវិញ ជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែន បាននិយាយថានឹងយល់ព្រម ទទួលយកសំណើបទឈប់បាញ់មួយមានរយៈពេល៣០ថ្ងៃ របស់សហរដ្ឋអាមេរិក៕