(ព្យុងយ៉ាង)៖ នៅថ្ងៃពុធ ទី១២ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ករណីយន្តហោះចម្បាំងកូរ៉េខាងត្បូង បានច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៉ីវិល អំឡុងពេលហ្វឹកហាត់ កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញថា ឧបទ្ទវហេតុចៃដន្យ អាចបង្កឱ្យផ្ទុះជម្លោះប្រដាប់អាវុធថ្មីបាន នៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែក៨គ្រាប់ ទៅលើភូមិមួយកន្លែង ដែលស្ថិតក្បែរព្រំប្រទល់ជាមួយកូរ៉េខាងជើង ហើយបានបណ្តាលឱ្យជនស៉ីវិល២៩នាក់រងរបួស។ យោងតាមយោធាកូរ៉េខាងត្បូង ឧបទ្ទវហេតុនោះ ទំនងជាបង្កឡើងដោយសារ កំហុសរបស់អាកាសយានិក។
KCNA បាននិយាយដូច្នេះថា «យើងមិនចាំបាច់ត្រូវពន្យល់ ថាតើស្ថានការណ៍នឹងទៅជាបែបណា ប្រសិនបើគ្រាប់បែកទាំងនោះ ត្រូវបានទម្លាក់ខិតទៅភាគខាងជើង ហើយឆ្លងចូលមកព្រំដែនរបស់យើង។ វាមិនមែនជាការស្រមើស្រមៃ ដែលមិនសមហេតុសមផលឡើយ ក្នុងការគិតថាឧបទ្ទវហេតុចៃដន្យមួយ អាចបង្កជាជម្លោះប្រដាប់អាវុធថ្មី នៅឧបទ្វីបកូរ៉េ និងពិភពលោកទាំងមូល អំឡុងការធ្វើសមយុទ្ធយោធាធំរួមគ្នា ដែលមានចេតនាអាក្រក់ របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តទៀតថា «ឧបទ្ទវហេតុនេះ គឺជាឧទាហរណ៍មួយ ដែលស្តែងឱ្យឃើញថា ការហាត់សមចម្រុះជាច្រើននៃការធ្វើសង្រ្គាម របស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន មានគោលដៅមកលើយើង មិនមែនដើម្បីតែសុខសន្តិភាព និងស្ថិរភាពនៅកូរ៉េខាងត្បូង ដូចពួកគេបានអះអាងនោះទេ ពោលគឺជាសកម្មភាពគ្រោះថ្នាក់ខ្លាំង ដែលអាចបង្កជាវិបត្តិធ្ងន់ធ្ងរភ្លាមៗ និងសង្រ្គាមនុយក្លេអ៊ែរដំបូងបំផុត របស់ពិភពលោក»។
គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូងនិងអាមេរិក បានចាប់ផ្តើមការធ្វើសមយុទ្ធយោធាធំរួមគ្នាប្រចាំ ហៅថា Freedom Shield កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី២០ ខែមីនា ប៉ុន្តែពួកគេបានផ្អាកការធ្វើលំហាត់បាញ់គ្រាប់ពិត ក្រោយឧបទ្ទវហេតុទម្លាក់គ្រាប់បែកដោយភាន់ច្រឡំ។ ជារឿយៗ ទីក្រុងព្យុងយ៉ាង បានរិះគន់ការធ្វើសមយុទ្ធយោធារួមទាំងនេះ ដោយចោទថា ពួកវាជាការហាត់សមដើម្បីត្រៀមធ្វើសង្រ្គាមប្រឆាំងខ្លួន។ ដោយឡែក ទីក្រុងសេអ៊ូល បានអះអាងថា ពួកវាមានគោលដៅពង្រឹងសមត្ថភាពការពារជាតិ ដើម្បីត្រៀមទបទល់នឹងលទ្ធភាព នៃការឈ្លានពានពីកូរ៉េខាងជើង៕