(សិង្ហបុរី)៖ វៀតណាមនិងសិង្ហបុរី បានយល់ព្រមលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះរួមមានទាំង ខ្សែកាបក្រោមសមុទ្រ ហិរញ្ញវត្ថុ និងថាមពល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam ទៅកាន់ប្រទេសសិង្ហបុរី ហើយបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សេចក្តីថ្លែងការណ៍រួមមួយបានចេញផ្សាយ បន្ទាប់ពីជំនួបរវាងលោក To Lam និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានឲ្យដឹងថា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការផ្លាស់ប្ដូរកិច្ចព្រមព្រៀងចំនួន ៦ និងបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍខ្សែកាបក្រោមសមុទ្រ ការតភ្ជាប់ឌីជីថល និងលំហូរទិន្នន័យឆ្លងព្រំដែន។
បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ខ្សែកាបតភ្ជាប់ទ្វីបអាស៊ីទៅកាន់ទ្វីបអឺរ៉ុប កំពុងសម្លឹងរកការពង្រីកបណ្តាញខ្សែកាបក្រោមសមុទ្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ។ វៀតណាមគ្រោងនឹងដាក់ឲ្យដំណើរការខ្សែកាបក្រោមសមុទ្រថ្មីចំនួន ១០ ខ្សែនៅឆ្នាំ ២០៣០។
ក្រៅពីនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍបៃតង ការពង្រីកសួនឧស្សាហកម្ម សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ សិង្ហបុរីបានសន្យាគាំទ្រវៀតណាមក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា សិង្ហបុរីជាវិនិយោគិនបរទេសកំពូលមួយនៅវៀតណាម ដោយបានវិនិយោគចំនួន ១០.២១ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលស្មើនឹង ២៧% នៃការវិនិយោគបរទេសសរុបរបស់វៀតណាម៕