(ប៉េកាំង)៖ កាលពីថ្ងៃទី១២ ខែមីនា លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញសួរសុខទុក្ខអ្នកទទួលខុសត្រូវ និងអ្នកប្រកបអាជីព ក្នុងវិស័យសារព័ត៌មាននៃស្ថាប័នព័ត៌មានមជ្ឈិមសំខាន់ៗ ដែលចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកបានតាងនាមគណៈអធិបតីនៃមហាសន្និបាត និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន សម្តែងការសួរសុខទុក្ខនិងថ្លែងអំណរគុណចំពោះ អ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មានទាំងអស់គ្នា ដែលបានចូលរួមការផ្សាយដំណឹងអំពីមហាសន្និបាតលើកនេះ។
លោក Zhao Leji បានលើកឡើងថា ស្ថាប័ននានា បានបំពេញភារកិច្ចនយោបាយដ៏សំខាន់ របស់គណៈកម្មាធិការមជ្ឈិមបក្សយ៉ាងល្អប្រសើរ ។ រំពឹងថា អ្នកទាំងអស់គ្នានឹងបន្ត អភិវឌ្ឍនិងប្រើប្រាស់ឱ្យបានល្អ នូវប្រភពព័ត៌មានដ៏សម្បូរបែបដែលបានពីរបបសភាតំណាងប្រជាជន ការងារនៃសភាតំណាងប្រជាជន និងតំណាងនៃសភាតំណាងប្រជាជន ដើម្បីរួមគ្នាពិពណ៌នាអំពីរឿងរ៉ាវរបស់ប្រទេសចិន និងរឿងរ៉ាវអំពីប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូលឱ្យបានល្អ៕
វិទ្យុមិត្តភាពកម្ពុជាចិន