(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រថា ទីក្រុងកៀវកំពុងចាប់ផ្តើមពិនិត្យមើលវិធីសាស្ត្រត្រួតពិនិត្យបទឈប់បាញ់ណាមួយ នៅតាមបណ្តោយជួរមុខជាមួយរុស្ស៊ីដែលមានប្រវែងជាង ១៣០០ គីឡូម៉ែត្រ។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះធ្វើឡើង ខណៈដែលសហរដ្ឋអាមេរិកតាមរយៈប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលយកសំណើបទឈប់បាញ់ដែលបានចរចាជាមួយអ៊ុយក្រែន។ លោក ពូទីន បានស្វាគមន៍ផែនការនេះ ជាគោលការណ៍កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានដាក់ចេញលក្ខខណ្ឌដែលធ្វើឱ្យមានការសង្ស័យ ពីសំណាក់ក្រុងកៀវអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងឆាប់រហ័ស។
លោក Andrii Sybiha បានប្រាប់អ្នកសារព័ត៌មានថា អ៊ុយក្រែនត្រូវតែត្រៀមខ្លួនដើម្បីជៀសវាងការបង្កហេតុដែលអាចកើតមានពីភាគីរុស្ស៊ី ហើយក្រុមការងារមួយនឹងត្រូវបានបង្កើតឡើង ដើម្បីពិចារណាពីរបៀបត្រួតពិនិត្យបទឈប់បាញ់។ លោក Sybiha ជាគណៈប្រតិភូអ៊ុយក្រែនដែលបានជួបជាមួយតំណាងអាមេរិកនៅអារ៉ាប៊ីសាអូឌីត បាននិយាយថា ទីក្រុងកៀវគាំទ្រសំណើរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។
លោកបានរំលឹកពីបទពិសោធន៍មិនល្អ ជាមួយបទឈប់បាញ់ក្រោមដំណើរការ Minsk ដែលមិនបានជោគជ័យក្នុងការដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែនចាប់ពីឆ្នាំ ២០១៤។ ការត្រួតពិនិត្យបទឈប់បាញ់លើកនេះត្រូវបានគេរំពឹងថា នឹងមានភាពស្មុគស្មាញ ដោយសាររុស្ស៊ីបច្ចុប្បន្នកំពុងគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ការស្ទង់មតិមួយដែលចេញផ្សាយដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិកៀវ បានបង្ហាញថា ប្រជាជនអ៊ុយក្រែនពាក់កណ្តាល (៥០ភាគរយ) ប្រឆាំងនឹងការប្រគល់ទឹកដីណាមួយជាថ្នូរនឹងសន្តិភាព ខណៈ ៣៩ភាគរយ គាំទ្រគំនិតនេះ៕