(មូស្គូ)៖ ទីក្រុងមូស្គូបានប្រកាសនៅថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងភូមិ Goncharovka បន្ថែមទៀត ដែលជាការតាំងទីលំនៅចុងក្រោយដែលនៅសេសសល់ ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ទាហានរបស់ពួកគេបានដណ្តើមយកភូមិ Goncharovka មកវិញ ប៉ុន្តែមិនមានការឆ្លើយតបភ្លាមៗពីទីក្រុងកៀវទេ។ គួរឱ្យដឹងថា អ៊ុយក្រែនបានអះអាងថា ខ្លួនបានគ្រប់គ្រងការតាំងទីលំនៅប្រហែល ១០០ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ពួកគេកាលពីខែសីហាឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីដែលត្រូវបានគាំទ្រ ដោយកងទ័ពពីសម្ព័ន្ធមិត្តកូរ៉េខាងជើង បានធ្វើការវាយបកវិញ ដោយដណ្តើមបានទឹកដីដែលបានបាត់បង់ជាបន្តបន្ទាប់។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ពួកគេបានដណ្តើមយកមកវិញ នូវការតាំងទីលំនៅចំនួន ២៨ ក្នុងតំបន់ Kursk ក្នុងសប្តាហ៍មុន ហើយក៏បានកាន់កាប់ភូមិ Novenke របស់អ៊ុយក្រែន ដែលស្ថិតនៅតាមព្រំដែនក្នុងតំបន់ Sumy ផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមេបញ្ជាការរបស់លោកបញ្ចប់ប្រតិបត្តិការបណ្តេញកងទ័ពអ៊ុយក្រែនចេញពីតំបន់នោះឱ្យបានឆាប់បំផុត ដោយព្រមានថា ពួកគេនឹងត្រូវ «ចុះចាញ់ ឬស្លាប់» ហើយរុស្ស៊ីក៏កំពុងពិចារណាបង្កើតតំបន់ការពារនៅតាមបណ្តោយព្រំដែនផងដែរ។
អ្នកសរសេរប្លុកយោធារុស្ស៊ីម្នាក់បានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមអនុវត្តតាមបញ្ជារបស់លោកពូទីន ហើយការប្រយុទ្ធកំពុងកើតឡើងនៅក្នុងការតាំងទីលំនៅ Basivka និង Zhuravka របស់អ៊ុយក្រែន។ ទោះជាយ៉ាងណា អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន លោក Andriy Demchenko បាននិយាយថា មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយនៅក្នុងតំបន់ Sumy ទេ ដោយក្រុមវាយលុករុស្ស៊ីតូចៗនៅតែព្យាយាមឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់ Novenke និង Zhuravka ដែលកងកម្លាំងអ៊ុយក្រែនកំពុងទប់ទល់យ៉ាងខ្លាំងក្លា៕