(ប្រ៊ុចសែល)៖ បណ្តាប្រទេស G7 នៅថ្ងៃសុក្របានសង្កត់ធ្ងន់លើសារៈសំខាន់នៃការមាន «ការរៀបចំសន្តិសុខ»​ ដ៏រឹងមាំ ដើម្បីគាំទ្រដល់បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី។ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងនេះបានព្រមានទីក្រុងម៉ូស្គូថា នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើមិនព្រមព្រៀង និងអនុវត្តបទឈប់បាញ់ដូចដែលទីក្រុងកៀវបានធ្វើនោះទេ។ នេះបើយោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ចុងក្រោយដែលបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីព្រាងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ G7 រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានបញ្ជាក់ថា «សមាជិក G7 បានអំពាវនាវឱ្យរុស្ស៊ីឆ្លើយតបដោយការយល់ព្រមលើបទឈប់បាញ់ក្នុងលក្ខខណ្ឌសមភាព និងអនុវត្តវាយ៉ាងពេញលេញ»។

មន្ត្រី G7 បានពន្យល់ថា សេចក្តីព្រាងនេះ ត្រូវបានឯកភាពដោយអ្នកការទូតជាន់ខ្ពស់ ប៉ុន្តែនៅតែត្រូវការការយល់ព្រមពីរដ្ឋមន្ត្រីជាផ្លូវការ។ ពួកគេក៏បានសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយ ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ និងបានគូសបញ្ជាក់អំពីតម្រូវការចាំបាច់ សម្រាប់ការរៀបចំសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្ត ដើម្បីធានាថាអ៊ុយក្រែនមានសមត្ថភាពរារាំង និងការពារខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយដែលអាចកើតឡើងម្តងទៀត៕