(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី១៧ ខែមីនា គណបក្សប្រឆាំងនៃប្រទេសកូរ៉េខាងត្បូង បានទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង ប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានព្យួរអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Yoon ត្រូវបានសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បោះឆ្នោតចោទប្រកាន់ដកតំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លោកត្រូវបានព្យួរអំណាចជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ហើយតុលាការធម្មនុញ្ញ បានដំណើរការសវនាការរយៈពេលជាច្រើនសប្តាហ៍ ដើម្បីសម្រេចជាចុងក្រោយ ថាតើត្រូវដកហូតតំណែងលោកជាផ្លូវការ ឬស្តារអំណាចលោកឡើងវិញ។
ខណៈក្រុមអ្នកជំនាញ បានរំពឹងថា សាលក្រមនឹងត្រូវប្រកាស នៅអំឡុងពាក់កណ្តាលខែមីនានេះ មកទល់ឥឡូវ តុលាការធម្មនុញ្ញ មិនទាន់ចេញសេចក្តីសម្រេចរបស់ខ្លួន នៅឡើយទេ ជាហេតុនាំឱ្យការប្រកាសសាលក្រម ជុំវិញសំណុំរឿងដកតំណែងលោក Yoon ប្រើពេលយូរជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្ត។ កាលពីចុងសប្តាហ៍កន្លងទៅ ប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ ដោយម្ខាងបានធ្វើបាតុកម្ម ដើម្បីទាមទារដកតំណែងលោក និងម្ខាងទៀតបាននាំគ្នាប្រមូលផ្តុំ ដើម្បីបង្ហាញការគាំទ្ររូបលោក។
គណបក្ស Democratic Party ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បាននិយាយថា «ប្រទេសជាតិ និងប្រជាជនបានឈានដល់កម្រិតកំណត់ហើយ ដោយភាពតានតឹងនិងការអត់ធ្មត់ ត្រូវបានរុញច្រានហួសពីដែនកំណត់រួចទៅហើយ។ យើងកំពុងទន្ទឹងរង់ចាំការសម្រេចចិត្ត ប្រកបដោយការទទួលខុសត្រូវពីតុលាការធម្មនុញ្ញ។ ការអូសបន្លាយបន្តទៀត មុខនឹងត្រូវចាត់ទុកជា រឿងខុសប្រក្រតី ហើយខ្វះការទទួលខុសត្រូវ»។
គួរបញ្ជាក់ថា ក្រៅពីសំណុំរឿងដកតំណែង នៅតុលាការធម្មនុញ្ញ លោក Yoon Suk Yeol ក៏ប្រឈមមុខជាមួយសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់បង្កការបះបោរផងដែរ សម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ។ រូបលោកត្រូវបានចាប់ខ្លួន កាលពីខែមករា ប៉ុន្តែក្រោយមក ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងវិញ កាលពីថ្ងៃទី៨ ខែមីនា៕