(ព្យុងយ៉ាង)៖ នៅថ្ងៃចន្ទ ទី១៧ ខែមីនា កូរ៉េខាងជើងបានថ្កោលទោស ប្រមុខការទូតនៃក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយទីក្រុងព្យុងយ៉ាងថែមទាំងបានគំរាមថា នឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែរបន្ថែមជាលំដាប់ ទាំងគុណភាពនិងបរិមាណ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap។
ក្រោយកិច្ចប្រជុំនៅប្រទេសកាណាដា ក្រុមរដ្ឋមន្រ្តីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានអំពាវនាវឱ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអភិវឌ្ឍមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែរ ហើយបានថ្កោលទោសចំពោះការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន។
ជាការឆ្លើយតប ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខថ្កោលទោស G7 ដោយចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ បំពានការអនុវត្តដោយត្រឹមត្រូវ នូវសិទ្ធិអធិបតេយ្យរបស់កូរ៉េខាងជើង ហើយបានប្តេជ្ញាថា នឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ទាំងគុណភាពនិងបរិមាណ ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរពីខាងក្រៅ។
ជាចុងក្រោយ កូរ៉េខាងជើង បាននិយាយថា ឋានៈជារដ្ឋនុយក្លេអ៊ែរនៃប្រទេសរបស់ខ្លួន ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងគ្មានថ្ងៃផ្លាស់ប្តូរជាដាច់ខាត ដោយមិនខ្វល់ថា ពិភពលោកខាងក្រៅ ទទួលស្គាល់ឬមួយក៏អត់នោះឡើយ៕