(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងដោយផ្ទាល់ថា រូបលោកនឹងនិយាយគ្នាជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃអង្គារសប្តាហ៍នេះ ហើយជជែកអំពីកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។
ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងសន្ទនាជាមួយប្រធានាធិបតី ពូទីន នាថ្ងៃអង្គារ។ កិច្ចការជាច្រើនត្រូវបានធ្វើ កាលពីចុងសប្តាហ៍កន្លងទៅ។ យើងចង់ដឹងថា តើយើងអាចរកទីបញ្ចប់សម្រាប់សង្រ្គាមបានដែរ ឬអត់។ ប្រហែលជាយើងអាច, ប្រហែលជាយើងមិនអាច ក៏ប៉ុន្តែខ្ញុំយល់ថា យើងនឹងមានឱកាសដ៏ប្រសើរមួយ»។
ដោយឡែក នៅពេលត្រូវបានសាកសួរថា តើមានសម្បទានអ្វីខ្លះ ដែលកំពុងស្ថិតក្រោមពិចារណា ក្នុងកិច្ចចរចាបទឈប់បាញ់ លោក ត្រាំ បានឆ្លើយថា «យើងនឹងនិយាយអំពីទឹកដី។ យើងនឹងនិយាយអំពីរោងចក្រថាមពល។ ខ្ញុំគិតថា ចំណុចជាច្រើនត្រូវបានជជែករួចរាល់ហើយ ជាមួយភាគីទាំងសងខាង។ យើងបានពិភាក្សារឿងទាំងនេះរួចហើយ គឺអំពីការបែងចែកទ្រព្យសម្បត្តិមួយចំនួន រវាងអ៊ុយក្រែននិងរុស្ស៉ី»។
គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយ មានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រមទទួលយក កាលពីសប្ដាហ៍មុន។ ប៉ុន្តែ មកទល់នឹងពេលនេះរុស្ស៉ី មិនបានបដិសេធ តែក៏មិនទាន់យល់ព្រមទទួលយកនោះដែរ ដោយលោក ពូទីន បានដាក់លក្ខខណ្ឌមួយចំនួន ខណៈកងទ័ពរុស្ស៉ីកំពុងខិតកាន់តែជិតទៅរកការបណ្ដេញ កងទ័ពអ៊ុយក្រែនចេញទាំងស្រុង ពីតំបន់ Kursk នៃភាគខាងលិចប្រទេសរុស្ស៉ី៕