(ហ្គាហ្សា)៖ អ៊ីស្រាអែល បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសាហាវ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សជាង ៤០០ នាក់ ខណៈដែលខ្លួនបានប្តេជ្ញាថា នឹងបង្កើនការវាយប្រហារកាន់តែខ្លាំង ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង ដែលនៅតែឃុំខ្លួននៅក្នុងតំបន់ឡោមព័ទ្ធនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារតាមអាកាសដ៏គួរឱ្យភ្ញាក់ផ្អើល បានចាប់ផ្តើមពេញមួយយប់ ចំពេលមានការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទាក់ទងនឹងជំហានបន្ទាប់នៃបទឈប់បាញ់ ដែលអាចរាប់បញ្ចូលទាំងការបញ្ចប់សង្រ្គាម និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។ ការវាយប្រហារនេះបានធ្វើឲ្យដូលរំលំនៃបទឈប់បាញ់ដែលបានបន្តអស់រយៈពេលជិតពីរខែ និងបានបង្កើនការភ័យខ្លាចអំពីការផ្ទុះឡើងវិញពេញទំហឹងនៃសង្រ្គាម ដែលបានអូសបន្លាយអស់រយៈពេល ១៧ ខែកន្លងមកហើយ។
អាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារបានកើនឡើងដល់យ៉ាងហោចណាស់ ៤០៤ នាក់ ខណៈដែលជនរងគ្រោះរាប់រយនាក់ទៀត នៅបន្តកប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំ។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានផ្តោតជាចម្បងលើតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកុះករនៅទូទាំងភាគខាងត្បូង ខាងជើង និងកណ្តាលនៃតំបន់ស្ទ្រីប ក៏ដូចជាជំរំជនភៀសខ្លួនផងដែរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា «ស្ត្រី កុមារ និងមនុស្សចាស់ គឺជាជនរងគ្រោះភាគច្រើន» នៅក្នុងការវាយប្រហារនេះ។
សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងសង្កាត់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ខណៈយន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលហោះហើរពេញផ្ទៃមេឃ។ ប្រភពសន្តិសុខក្នុងរដ្ឋាភិបាលហាម៉ាស់បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់យ៉ាងតិច ៥ នាក់ និងសមាជិកគ្រួសាររបស់ពួកគេបានបាត់បង់ជីវិតក្នុងការវាយប្រហារនេះ៕