(កៀវ)៖ មន្រ្តីក្នុងតំបន់កៀវម្នាក់ បាននិយាយថា រុស្ស៉ីបាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសមក​លើ​ទីក្រុង​កៀវ ​ជា​លើក​ទី​ ៣​ជាប់ៗគ្នា ពេញ​មួយ​យប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយ​បណ្តាល​ឱ្យមនុស្ស​ម្នាក់​រង​របួស និង​ខូចខាតផ្ទះ​ជាច្រើន​ខ្នង​ក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។

លោក Mykola Kalashnyk បានឱ្យដឹងថា មនុស្សម្នាក់អាយុ ៣៧ឆ្នាំបានត្រូវរបួស​ត្រង់​ក្បាល និង​ខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ កាលពីយប់ថ្ងៃអាទិត្យ នៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ការវាយប្រហាររបស់រុស្ស៉ី ក៏បានធ្វើឱ្យស្ត្រីអាយុ ៥៤ឆ្នាំម្នាក់រងរបួស និងខូចខាតបង្អួចនៃអគារច្រើនជាន់ និងអគារលំនៅដ្ឋាន។ ទីក្រុងកៀវ និងតំបន់ជុំវិញ ក៏ដូចជាចំកណ្តាលភាគខាងកើតអ៊ុយក្រែន ស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស រយៈពេលជាច្រើនម៉ោង តាំងពីល្ងាចថ្ងៃអាទិត្យមក។ ចំពោះទំហំនៃការខូចខាតពេញលេញ ក្នុងការវាយប្រហារកាលពីយប់មិញ នៅមិនទាន់ច្បាស់លាស់នោះទេ។

គួរបញ្ជាក់ថា រុស្ស៉ី មិនទាន់ធ្វើការអត្ថាធិប្បាយទេ ជុំវិញការអះអាងនេះ។ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែន បានជួបក្រុមមន្ត្រីអាមេរិក សម្រាប់កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត និងមុនពេលនៃជំនួបរុស្ស៉ី-អាមេរិក៕