(តៃប៉ិ)៖ នៅបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ដាក់ចេញយុទ្ធនាការប្រឆាំងទៅនឹងអ្វីដែលលោកបានព្រមានថាជាការកើនឡើងនៃសកម្មភាពវិទ្ធង្សនា និងការឈ្លបយកការណ៍សម្ងាត់របស់ចិន នៅក្នុងខែមីនានេះ ប្រតិកម្មតបតបានកើតឡើងភ្លាមៗ។ នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ចិនបានឆ្លើយតបដោយការបង្កើនការដាក់ពង្រាយយន្ដហោះយោធា និងនាវាចម្បាំងនៅក្បែរកោះតៃវ៉ាន់ ហើយព្រមានលោក Lai ថាកំពុងប្រឡែងលេង ជាមួយភ្លើង។ នៅតៃវ៉ាន់វិញ គណបក្សប្រឆាំងបានចោទប្រកាន់លោក Lai ថាកំពុងបង្កគ្រោះថ្នាក់តាមរយៈការរករឿងចិន។ ប៉ុន្តែ លោក Lai ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាកំពុងថ្លឹងថ្លែងថាតើលោកអាចប្រកាន់ជំហរ តឹងរ៉ឹងប្រឆាំងនឹងឥទ្ធិពលចិន ក្នុងពេលសព្វថ្ងៃបានដែរឬក៏យ៉ាងណា នៅចំពោះមុខការសម្លុតគំរាមយោធាពីប៉េកាំង និងលទ្ធភាពដែលក្រុមគណបក្សប្រឆាំងនៅតៃវ៉ាន់អាចនឹងធ្វើសកម្មភាពប្រឆាំងរបៀបវារៈរបស់លោក។

លោក David Sacks ជាអ្នកវិភាគម្នាក់មកពី Council on Foreign Relations មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថាលោក Lai ហាក់កំពុងធ្វើការសន្និដ្ឋានមួយថាចិននឹងរឹតត្បិត ឬដាក់កំហិតលើសកម្មភាព របស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ក្នុងពេលដែលប៉េកាំងកំពុងផ្ដោតលើការព្យាយាមចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្រ្គាមពាណិជ្ជកម្ម។ ដោយចង់សំដៅលើការដាក់ចេញវិធានការសន្តិសុខរបស់ លោក Lai លោក David Sacks បានបន្ថែមថាលោក Lai ប្រហែលជាយល់ថាប្រសិនបើរូបលោកចង់ប្រកាន់ជំហរតឹងរ៉ឹងជាមួយចិន គឺលោកគួរតែធ្វើវាក្នុងពេលមួយដែលចិនមិនចង់ធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចពិភាក្សា របស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ នៅតៃវ៉ាន់ គណបក្សនយោបាយបានទាស់ទែងគ្នាអស់រាប់ទសវត្សរ៍មកហើយជុំវិញថាតើតៃវ៉ាន់ត្រូវព្យាយាមធ្វើការជាមួយ ឬក៏ត្រូវនៅឱ្យឆ្ងាយពីចិនដែលបានចាត់ទុកតៃវ៉ាន់ជាខេត្តមួយ របស់ខ្លួន និងព្រមានប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងដែនកោះមួយនេះនៅក្នុងករណីចាំបាច់។

ភាពតានតឹងបានផ្ទុះឡើងកាន់តែខ្លាំង ចាប់តាំងពីលោក Lai បានប្រកាសកាលពីថ្ងៃទី១៣ ខែមីនាថាចិនគឺជា «កម្លាំងសត្រូវពីខាងក្រៅ» ដែលកំពុងព្យាយាមបំបែកបំបាក់ និងបំផ្លាញតៃវ៉ាន់ចាប់ពីខាងក្នុង។ លោកបានដាក់ចេញ វិធានការ១៧ចំណុច ដើម្បីទប់ទល់នឹងចិន ក្នុងនោះរួមមានទាំងការប៉ុនប៉ងស្ដារតុលាការយោធាឡើងវិញដើម្បីកាត់ទោសយោធាតៃវ៉ាន់ទាំងឡាយណាដែលត្រូវបានចោទប្រកាន់ពីបទឈ្លបយកការណ៍សម្ងាត់ឱ្យចិន និងបទឧក្រិដ្ឋពាក់ព័ន្ធនឹងសន្តិសុខដទៃទៀត។ តាមរយៈវិធានាការទាំងនោះ លោក Lai ចង់តាមដានយ៉ាងជិតស្និទ្ធលើការទំនាក់ទំនងរបស់ប្រជាជនតៃវ៉ាន់ជាមួយចិន ដើម្បីទប់ស្កាត់នូវអ្វីដែលលោកកំពុងបារម្ភយ៉ាងខ្លាំងថា ប្រជាជនតៃវ៉ាន់កាន់តែច្រើនឡើងៗបានលួចឈ្លបយកការណ៍សម្ងាត់ទៅឱ្យចិន។ លោកក៏ទាមទារផងដែរឱ្យមានការលាតត្រដាងកាន់តែធំជាងមុនអំពីអ្នកនយោបាយតៃវ៉ាន់ ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ខណៈ អ្នកនយោបាយទាំងនោះភាគច្រើនមកពីគណបក្សប្រឆាំង Kuomintang (KMT)។ «យើងគ្មានជម្រើសនោះទេ ក្រៅតែពីការចាត់វិធានការបង្ការការពារទុកជាមុន»។ នេះជាការគូសបញ្ជាក់របស់លោក Lai។

ចិនបានចាត់ទុកលោក Lai និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬ DPP របស់លោកជាពួកឧទ្ទាមផ្ដាច់ទឹកដី។ ក្រុមមន្ត្រីចិនបានថ្កោលទោសភ្លាមៗលើសុន្ទរកថារបស់លោក Lai ជាពិសេសការប្រើប្រាស់ពាក្យពេចន៍ហៅ ចិនថាជា «កម្លាំងសត្រូវពីខាងក្រៅ»។ ព្រមពេលជាមួយគ្នា គណបក្ស KMT ដែលមានទំនោរចង់មានទំនាក់ទំនង និងចរចាជាមួយចិន ក៏បានចោទប្រកាន់ដែរថាលោក Lai កំពុងដុតបញ្ឆេះភាពតានតឹងដោយគ្មានការចាំបាច់ ហើយក្រុមអ្នកនយោបាយនៃគណបក្សប្រឆាំងមួយនេះបានអះអាងថាពួកគេនឹងប្រឆាំងជំទាស់ទៅនឹងវិធានាការមួយចំនួនដែលស្នើឡើងដោយលោក Lai។ ពួកគេបាននិយាយថាការចង់ស្ដារតុលាការយោធាឡើងវិញ ដែល ត្រូវបានរំលាយចោលក្នុងឆ្នាំ២០១៣ បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំងនឹងការរំលោភបំពានប្រព្រឹត្តដោយទាហានគឺជាការវិលត្រឡប់ទៅរកកំហុសច្រំដែល ហើយថាវិធានមួយចំនួនធំក្នុងចំណោមវិធានាការទាំង១៧ ចំណុច របស់លោក Lai គឺរឹតត្បិតលើសិទ្ធិរបស់ប្រជាជនតៃវ៉ាន់។

ជម្លោះនយោបាយបែបនេះនៅតៃវ៉ាន់ អាចនឹងបង្កភាពស្មុគស្មាញដល់ផែនការរបស់លោក Lai ក្នុងនោះមានជាពិសេសគឺការបង្កើនការចំណាយលើវិស័យយោធាដើម្បីយកចិត្តសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោក បាននិយាយតៃវ៉ាន់គួរតែបង្កើនការចំណាយលើវិស័យយោធាឱ្យដល់១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បើធៀបទៅនឹងកញ្ចប់ថវិកាយោធាកន្លងមកមាន ២.៤៥ភាគរយនៃ GDP។ លោក Lai កាលពីខែកុម្ភៈបានសន្យាយថានឹងប្រើប្រាស់កញ្ចប់ថវិការពិសេសបន្ថែមនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីជំរុញការបង្កើនការចំណាយយោធាលើស ៣ភាគរយនៃ GDP។ ក៏ប៉ុន្តែ ការបង្កើន កញ្ចប់ថវិកាយោធាចាំបាច់ត្រូវឆ្លងកាត់ការយល់ព្រមសភាតៃវ៉ាន់ ជាទីដែលគណបក្ស KMT និងគណបក្ស Taiwan People’s Party ក្ដាប់សំឡេងភាគច្រើន។ តាមលោក David Sacks លោក Lai ប្រហែលជាកំពុងគិតថា បើទោះជាពួកគេខឹងសម្បារលើរូបលោកក៏ដោយ ក៏ក្រុមគណបក្សប្រឆាំងតៃវ៉ាន់នៅទីបំផុតទៅ នឹងគាំទ្រដល់ផែនការបង្កើនកញ្ចប់ថវិកាយោធារបស់លោក ពីព្រោះលោក ត្រាំកំពុងតាមមើលពួកគេមិនដាក់ភ្នែក។ ចំណែក លោក Russell Hsiao វិញជានាយប្រតិបត្តិការនៃវិទ្យាស្ថាន Global Taiwan Institute ក្នុងទីក្រុងវ៉ាស៊ីនតោន យល់ថាមេដឹកនាំតៃវ៉ាន់រូបនេះ អាចជំរុញឱ្យសភាអនុម័តកញ្ចប់ថវិកាពិសេស ប៉ុន្តែត្រូវបង់តម្លៃនយោបាយមួយចំនួន។ «ក្រុមគណបក្សប្រឆាំងនឹងធ្វើឱ្យលោក Lai រួមទាំងគណបក្សកាន់អំណាចរបស់លោកត្រូវបង់នូវតម្លៃនយោបាយមួយ បើទោះជានៅទីបញ្ចប់ទៅ ពួកគេអាចនឹងយល់ព្រម ដែលមានមួយផ្នែកក៏ព្រោះតែពួកគេដឹងថាលោក ត្រាំ កំពុងតាមមើលពួកគេមិនដាក់ភ្នែកក៏ដោយ»។ នេះជាការគូសបញ្ជាក់របស់លោក Russell Hsiao។

គួរបញ្ជាក់ថា គណបក្ស DPP របស់លោក Lai បានទទួលជ័យជម្នះ៤០ភាគរយនៃសន្លឹកឆ្នោតសរុបក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៤។ ប៉ុន្តែ គណបក្សរបស់លោកបានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។ ដូច្នេះ ដោយសង្ឃឹមថាអាចកាត់បន្ថយការក្ដោបក្ដាប់របស់បក្សប្រឆាំងនៅក្នុងសភា គណបក្ស DPP បានគាំទ្រយុទ្ធនាការដកតំណែងប្រឆាំងក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង ដោយប្រើច្បាប់មួយដែលចែងថាសមាជិកសភា ម្នាក់អាចប្រឈមមុខនឹងការបាត់បង់អាសនៈ ប្រសិនបើអ្នកបោះឆ្នោតក្នុងសំឡេងគ្រប់គ្រាន់ចុះហត្ថលេខាលើញត្តិស្នើឱ្យដកតំណែង។ ជាការឆ្លើយតប គណបក្ស KMT ក៏បានគាំទ្រនីតិវិធីដូចគ្នានេះប្រឆាំងសមាជិកសភាមកពី គណបក្ស DPP ផងដែរ។ ក្រុមអ្នកជំនាញភាគច្រើនជឿថាតៃវ៉ាន់កំពុងប្រឈមមុខនឹងការកើនឡើងនៃកិច្ចប្រឹងប្រែងរបស់ចិន ដើម្បីបញ្រ្ជាបឥទ្ធិពលរបស់ខ្លួនលើមតិសាធារណៈនៅតៃវ៉ាន់ សំដៅលុបបំបាត់ទំនុកចិត្តរបស់ ប្រជាជនតៃវ៉ាន់លើរដ្ឋាភិបាល និងយោធារបស់ពួកគេ ព្រមទាំងប្រមូលព័ត៌មានសម្ងាត់នានា។ លោក Lai បានកត់សម្គាល់ថាការកើនឡើងការគំរាមកំហែងពីចិន ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទិន្នន័យ។ មនុស្ស ៦៤នាក់ បានប្រឈមមុខនឹងការចោទប្រកាន់ឈ្លបយកការណ៍សម្ងាត់នៅតៃវ៉ាន់ កាលពីឆ្នាំ២០២៤ ពោលច្រើនជាង៣ដងនៃចំនួនមនុស្សត្រូវបានចោទប្រកាន់កាលពីឆ្នាំ២០២១។ បើតាមលោក Lai ភាគច្រើននៃអ្នកដែលត្រូវបាន ចោទប្រកាន់ពីបទធ្វើចារកម្មឱ្យចិន គឺជាអតីត ឬមន្ត្រីបច្ចុប្បន្ននៅក្នុងជួរកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់៕