(ម៉ូស្គូ)៖ រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​មាន​ឆន្ទៈ​ធ្វើ​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​នៅ​សមុទ្រ​ខ្មៅ ដែល​ជា​ជំហាន​មួយ​អាច​នាំ​ទៅ​រក​បទ​ឈប់​បាញ់​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​លុះត្រា​តែ​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​ប្រធានាធិបតី Volodymyr Zelenskiy គោរព​តាម​កិច្ចព្រមព្រៀង​នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​ថ្លែង​ថា មាន​តែ​ការ​បញ្ជា​បែប​នេះ​ទេ​ដែល​នឹង​ផ្តល់​ការ​ធានា​ដែល​រុស្ស៊ី​ត្រូវ​ការ។

ភាគី​នីមួយៗ​បាន​រិះគន់​ភាគី​ម្ខាង​ទៀត​ អំពី​ការ​ដួលរលំ​កិច្ចព្រមព្រៀងនៅ​ឆ្នាំ ២០២៣ ដែល​មាន​បំណង​ធានា​សុវត្ថិភាព​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​នៅ​សមុទ្រ​ខ្មៅ បន្ទាប់​ពី​រុស្ស៊ី​បាន​បញ្ជូន​ទាហាន​រាប់ម៉ឺននាក់ ​ទៅ​កាន់​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២២។

លោក Lavrov បាន​ថ្លែង​តាម​ទូរទស្សន៍​ថា «យើង​ត្រូវការ​ការ​ធានា​ច្បាស់លាស់។ ដោយសារ​បទពិសោធន៍​ដ៏​ជូរចត់​ជាមួយ​កិច្ចព្រមព្រៀង​ក្រុង​កៀវ ការ​ធានា​ពិតប្រាកដ​គឺ​មាន​តែ​បញ្ជា​ពី​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​កាន់ Zelenskiy និង​ក្រុម​របស់​គាត់​ឲ្យ​ធ្វើ​សកម្មភាព​ជាក់លាក់​ប៉ុណ្ណោះ»

លោក​បាន​បន្ថែម​ថា​ «ហើយ​វា​ហាក់​ដូចជា​ខ្ញុំ​ថា ដៃគូ​អាមេរិក​របស់​យើង​បាន​ទទួល​សញ្ញា​នេះ​ហើយ។ ពួកគេ​យល់​ថា​មាន​តែ​ទីក្រុង​វ៉ាស៊ីនតោន​ទេ​ដែល​អាច​ធានា​បាន​នូវ​ការ​បញ្ឈប់​ការ​វាយប្រហារ​ភេរវកម្ម, ការ​បាញ់​ផ្លោង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ថាមពល​ដែល​មិន​ពាក់ព័ន្ធ​នឹង​វិស័យ​យោធា-ឧស្សាហកម្ម»

គួរបញ្ជាក់ថា យោង​តាម​សម្ដី​របស់​លោក Lavrov រុស្ស៊ី​នឹង​មិន​យល់ព្រម​លើ​បទ​ឈប់​បាញ់​តាម​ដែន​សមុទ្រ​ឡើយ លុះត្រាតែ​សហរដ្ឋអាមេរិក​ដាក់​សម្ពាធ​ខ្លាំង​ជាង​មុន​លើ​លោក Zelenskiy។ អាមេរិក​មើល​ឃើញ​ថា​បទ​ឈប់​បាញ់​តាម​ដែន​សមុទ្រ​នេះ​ជា​ជំហាន​ឆ្ពោះទៅ​រក​បទ​ឈប់​បាញ់​ទូលំទូលាយ។

ជំនួប​រវាង​លោក Zelenskiy និង​លោក ត្រាំ នៅ​សេតវិមាន​កាលពី​ខែ​មុន​បាន​ប្រព្រឹត្តទៅ​យ៉ាង​អាក្រក់ ដែល​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​ទីក្រុងកៀវ និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​ថា លោក ត្រាំ អាច​នឹង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លោក ពូទីន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ពួកគេ និង​ផ្ដល់​ផលប្រយោជន៍​ដល់​រុស្ស៊ី៕