(បាងកក)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនានេះថា ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
កាសែត Bangkok Post រាយការណ៍ថា ស្រ្តីពីរនាក់បានប្រាប់ប៉ូលិសប៉ុស្តិ៍ Thong Lor កាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេបានបាត់ទំនាក់ទំនងជាមួយស្រ្តីរងគ្រោះ អាយុ ៣០ឆ្នាំ ដែលត្រូវជាមិត្តភក្តិពួកគេ តាំងពីថ្ងៃចន្ទមកម្ល៉េះ។ ស្រ្តីរងគ្រោះមានសង្សារជាជនជាតិសិង្ហបុរី អាយុ ៣២ឆ្នាំ។ តាមសារព័ត៌មាន Khaosod English នៅថ្ងៃដដែលនោះ ប៉ូលិស បានចុះទៅអគារមួយនៅផ្លូវ Sukhumvit Soi 39 សង្កាត់ Watthana រួចប្រទះឃើញសាកសពស្រ្តីរូបនោះនៅក្នុងបន្ទប់ទឹក ដែលត្រូវបានរុំដោយកម្រាលពូក និងភួយ។
វីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញគូស្នេហ៍ទាំងពីរនៅក្នុងជណ្ដើរយន្ត កាលពីល្ងាចថ្ងៃអាទិត្យ មុនពេលចាកចេញពីអគារ។ នៅយប់ថ្ងៃដដែល គេឃើញបុរសជនជាតិសិង្ហបុរីរូបនោះ ជូនស្រ្តីរងគ្រោះត្រឡប់មកបន្ទប់វិញ។ ក្រោយមកប្រហែលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃចន្ទ បុរសរូបនោះបានឡើងជណ្តើរយន្តទៅបន្ទប់ខ្លួនឯង រួចចាកចេញពីបន្ទប់ជាមួយនិងវ៉ាលី នៅរសៀលថ្ងៃអង្គារ ហើយឡើងជិះរថយន្ត Mercedes ពណ៌ខ្មៅចេញទៅបាត់។
ប៉ូលិសរកឃើញថា រថយន្តនោះមានចុះបញ្ជីឈ្មោះ នៅទីក្រុងបាងកក ដោយបុរសជនជាតិថៃម្នាក់ដែលបានស្លាប់ហើយ។ ពេលនេះ CNA កំពុងទាក់ទងទៅកាន់ក្រសួងការបរទេសសិង្ហបុរី ដើម្បីសុំព័ត៌មានបន្ថែម៕