(ញូវយ៉ក)៖ អង្គការ UNICEF បានព្រមានកាលពីថ្ងៃពុធ ទី២៦ ខែមីនាថា កុមារយ៉ាងហោច១៤លាននាក់ កំពុងប្រឈមជាមួយ គ្រោះទុរ្ភិក្ស និងហានិភ័យខ្ពស់នៃកង្វះអាហារូបត្ថម្ភ ឬសេចក្តីស្លាប់តែម្តង ស្របពេលដែលម្ចាស់ជំនួយធំៗ ដូចជាសហរដ្ឋអាមេរិកជាដើម សម្រេចកាត់បន្ថយថវិកាជំនួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
UNICEF បានទទូចឱ្យរដ្ឋាភិបាលនិងស្ថាប័នសប្បុរសធម៌នានា នាំគ្នាចូលរួមជួយមូលនិធិអាហារូបត្ថម្ភកុមារ ឬ Child Nutrition Fund របស់ខ្លួន ដើម្បីទប់ទល់រលកនៃគ្រោះអត់ឃ្លាន។ នាយកប្រតិបត្តិរបស់អង្គការ UNICEF លោកស្រី Catherine Russell បាននិយាយថា វឌ្ឍនភាពធំអស្ចារ្យត្រូវសម្រេចបាន ក្នុងកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់គ្រោះអត់ឃ្លានរបស់កុមារ បើគិតចាប់តាំងពីដើមសតវត្សរ៍រហូតមក ប៉ុន្តែវឌ្ឍនភាពនេះ អាចនឹងបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពី២ខែមុនមក រដ្ឋបាលលោក បានរុះរើទីភ្នាក់ងារផ្តល់ជំនួយបរទេស USAID ដោយលុបចោលកម្មវិធីផ្តល់ជំនួយ ប្រហែលជាង៨០ភាគរយ។ រីឯប្រទេសម្ចាស់ជំនួយធំៗផ្សេងទៀត ដូចជាចក្រភពអង់គ្លេសជាដើម ថ្មីៗកន្លងទៅនេះ ក៏បាននាំគ្នាលុបចោលឬផ្អាកការផ្តល់ជំនួយអន្តរជាតិផងដែរ ស្របពេលពួកគេព្យាយាមគ្រប់គ្រងឱនភាពថវិកា ហើយបង្កើនការចំណាយលើវិស័យយោធា៕