(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃសុក្រ ទី២៨ ខែមីនា បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ ជាមួយ ការប្រកាសពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៥សប្ដាហ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

គណបក្ស Labor Party របស់លោក Albanese បានទទួលឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២២ ប៉ុន្តែការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថាគណបក្ស របស់លោកមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាជាមួយក្រុមចម្រុះគណបក្សប្រឆាំង Liberal-National។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ លោក Albanese បានគូសបញ្ជាក់ថា «រដ្ឋាភិបាល របស់យើងបានជ្រើសរើសប្រឈមមុខនឹងបញ្ហាប្រឈមសកលតាមមធ្យោបាយរបស់អូស្ត្រាលី ដោយបានជួយប្រជាជនដែលរស់នៅក្រោមសម្ពាធនៃការចំណាយនៅក្នុងការរស់នៅ។ ដោយសារតែ ភាពរឹងមាំ និងភាពធន់នៃប្រជាជនរបស់យើងបានបង្ហាញចេញមក អូស្ត្រាលីកំពុងមានភាពល្អប្រសើរឡើង។ ដូច្នេះនៅថ្ងៃទី៣ ខែឧសភា អ្នកទាំងអស់គ្នានឹងត្រូវជ្រើសរើសផ្លូវឆ្ពោះទៅមុខបន្ត»

គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញអូស្ត្រាលី នាយករដ្ឋមន្ត្រីត្រូវធ្វើការស្នើសុំការអនុញ្ញាតជាផ្លូវការសម្រាប់ការរៀបចំបោះឆ្នោត ពីអគ្គទេសាភិបាលដែលជាអ្នកតំណាងឱ្យប្រមុខរដ្ឋ នោះគឺព្រះមហាក្សត្រ នៃចក្រភពអង់គ្លេស King Charles។ នៅអូស្ត្រាលី ការបោះឆ្នោតសកល ឬសភាត្រូវធ្វើឡើងជារៀងរាល់ ៣ឆ្នាំម្ដង៕