(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងផ្តល់ថវិកាចំនួន ៧៣លានដុល្លារ ក្នុងកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី សម្រាប់ជនភៀសខ្លួនរ៉ូហ៉ិងយ៉ា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce គូសបញ្ជាក់ថា «ជំនួយផ្នែកស្បៀងអាហារ និងអាហារូបត្ថម្ភ តាមរយៈ WFP នឹងផ្តល់ជាស្បៀងអាហារ និងអាហារូបត្ថម្ភចាំបាច់សម្រាប់មនុស្សជាងមួយលាននាក់។ វាមានសារៈសំខាន់ ដែលដៃគូអន្តរជាតិរបស់យើងត្រូវចូលរួម ក្នុងការងារសង្គ្រោះអាយុជីវិតមនុស្ស»។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដោយបានរួមចំណែកជិត ២.៤ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៧។ ប៉ុន្តែការផ្អាកមូលនិធិដើម្បីពិនិត្យឡើងវិញ ក្រោយលោក ត្រាំ ឡើងកាន់តំណែងនាខែមករា បានបង្ខំឱ្យមន្ទីរពេទ្យយ៉ាងតិច ៥ត្រូវកាត់បន្ថយសកម្មភាពរបស់ខ្លួន៕