(យូអិន)៖ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានទាត់ចោលយោបល់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Anadolu។
នៅពេលត្រូវបានសាកសួរអំពីសំណើរបស់លោក ពូទីន ស្តីពីរដ្ឋាភិបាលបណ្តោះក្រោមឆត្ររបស់ UN នៅអ៊ុយក្រែន លោក Guterres បានឆ្លើយតបថា អ៊ុយក្រែនបច្ចុប្បន្នមានរដ្ឋាភិបាលស្របច្បាប់ ដូច្នេះហើយចាំបាច់ត្រូវតែទទួលបានការគោរព។ ដោយឡែក ពាក់ព័ន្ធជម្លោះនិងកិច្ចប្រឹងប្រែងសម្រុះសម្រួលរកសន្តិភាព លោក Guterres បាននិយាយថា UN បានធ្វើការទាក់ទងខ្លះៗ ជាមួយអាមេរិក ប៉ុន្តែ UN មិនបានដើរតួនាទីដោយផ្ទាល់ទេ ក្នុងដំណើរការចរចា ដែលសម្រេចបានបទឈប់បាញ់នៅសមុទ្រខ្មៅ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ពូទីន បាននិយាយថា ដើម្បីឱ្យកិច្ចចរចាជាមួយអ៊ុយក្រែន អាចកើតឡើងដោយពិតប្រាកដ អ៊ុយក្រែនចាំបាច់ត្រូវមានរដ្ឋាភិបាលស្របច្បាប់មួយ។ លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ជាគោលការណ៍ រដ្ឋាភិបាលបណ្តោះអាសន្នមួយ អាចបង្កើតឡើងនៅអ៊ុយក្រែន ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាដៃគូរបស់យើង។ នេះគឺដើម្បីរៀបចំការបោះឆ្នោតប្រជាធិបតេយ្យថ្មី រួចនាំមកនូវរដ្ឋាភិបាលមានសមត្ថភាពមួយ ដែលមានការជឿទុកចិត្តពេញលេញពីប្រជាជន ហើយបន្ទាប់មក ចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋាភិបាលនោះ អំពីសន្ធិសញ្ញាសន្តិភាព»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន គឺហាក់ឆ្លុះបញ្ចាំងអំពីការរិះគន់យូរមកហើយរបស់លោក ដែលថារដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ មិនមែនជាដៃគូចរចាស្របច្បាប់ត្រឹមត្រូវមួយនោះឡើយ ដ្បិតប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តនៅកាន់អំណាចហួសអាណត្តិរបស់លោក ដែលត្រូវបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០២៤។ កន្លងមក លោក ហ្សេលេនស្គី ធ្លាប់បានច្រានចោលការរិះគន់នានា ពាក់ព័ន្ធភាពស្របច្បាប់នៃការបន្តអំណាចរបស់លោក ក្រោមហេតុផលថា អ៊ុយក្រែនត្រូវច្បាប់ហាមមិនឱ្យ រៀបចំការបោះឆ្នោត ក្រោមច្បាប់អាជ្ញាសឹក ហើយការរៀបចំការបោះឆ្នោត អំឡុងពេលមានសង្រ្គាមបែបនេះ នឹងមិនអាចទៅរួចឡើយ៕