(ប៉េកាំង)៖ ផ្តើមពីចក្ខុវិស័យនាំប្រទេសដើរតាមមាគ៌ាទំនើបកម្មសង្គមនិយម ប្រទេសចិនបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃគោលនយោបាយកំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយបើកទូលាយតាំងពីឆ្នាំ១៩៧៨មក។

តាមរយៈគោលនយោបាយនេះបានចាក់បញ្ចូលកម្លាំងដ៏ខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ហើយបាននាំប្រទេសចិន ចូលរួមចំណែកដល់ការអភិវឌ្ឍសកល។ តាមរយៈវិធានការបើកទូលាយជាដំណាក់ៗ ប្រទេសចិនបានជំរុញកំណែទម្រង់ ប្រព័ន្ធសេដ្ឋកិច្ច ដោយរួមទាំងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ការលើកទឹកចិត្តនិងជំរុញ ការវិនិយោគពីបរទេស និងការអភិវឌ្ឍពាណិជ្ជកម្មបរទេស។

បន្ទាប់ពីចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាចុងឆ្នាំ២០០១ ប្រទេសចិនបានលើកទឹកចិត្តធ្វើឱ្យ ប្រសើរឡើងដល់ឧស្សាហកម្មក្នុងប្រទេស និងទីផ្សារឱ្យមានលក្ខណៈស្តង់ដារ ដែលនាំឱ្យទីផ្សាររបស់ប្រទេសចិនមានភាពធន់រឹងមាំ ធ្វើសមាហរណកម្មបន្ថែមទៀតទៅក្នុង ប្រព័ន្ធសេដ្ឋកិច្ចពិភពលោក។ ជាលទ្ធផល កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ បានរំលេចថាផលិតផលក្នុងស្រុក សរុបឆ្នាំ២០២៤មានចំនួន១៣៤,៩០៨.៤០ពាន់លានយាន់ កើនឡើង៥% ហើយផលិតផលស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ១៣,០០០ដុល្លារអាមេរិក។

ក្នុងអំឡុងពេលដំណើរការកំណែទម្រង់ ប្រទេសចិនផ្តោតលើវិធានការជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ដោយបានប្រើប្រាស់នូវមធ្យោបាយដ៏មានប្រសិទ្ធផល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើឱ្យជនបទកាន់តែមានវិបុលភាព ដោយបង្កើនសុភមង្គលជូនដល់ ប្រជាជនទាំងអស់ ដែលជាការបង្កើតអព្ភូតហេតុដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិលើ ការកាត់បន្ថយភាពក្រីក្រ ជាក់ស្តែងនៅឆ្នាំ ២០២០ ប្រទេសចិនបានសម្រេចគោលដៅកាត់បន្ថយ ភាពក្រីក្ររបស់ខ្លួន តាមការគ្រោងទុក ហើយប្រជាជនក្រីក្រ នៅតាមជនបទប្រមាណ ១០០លាននាក់ត្រូវបានងើបចាកផុតពីភាពក្រីក្រ។

គំរូភាពនៃទំនើបភាវូបនីយសង្គមនិយមតាមបែបចិន មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចបៃតងទាំងក្នុងប្រទេស និងទាំងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវវិបុលភាពរួម នៃសហគមន៍រួមជីវិត ដែលជាគោលការណ៍គ្រឹះ នៃអរិយធម៌អេកូឡូស៊ី ដែលជាស្មារតីគាំទ្រយ៉ាងមុតស្រួចដល់ ការការពារបរិស្ថានដែលបានចារឹក ក្នុងផែនការ៥ឆ្នាំលើកទី១៤ ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាគំរូ នៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយក្នុងនោះដោយមិនរាប់ពី ផ្ទៃដីប្រមាណ២៥%ដែលពោរពេញដោយដើមឈើ បានជំរុញប្រទេសចិន ដើរយ៉ាងស្វាហាប់ ទៅកាន់គោលដៅនៃ «ការបំភាយកាបូនទាប និងអព្យាក្រឹតភាពកាបូន» តាមរយៈការអភិវឌ្ឍថាមពលកកើតឡើងវិញ និងជាជើងឯក នៃការអភិវឌ្ឍសកលបៃតង។

រយៈពេល៤៧ឆ្នាំនៃគោលនយោបាយកំណែទម្រង់ និងការបើកចំហ ប្រទេសចិនបានក្លាយជាក្បាលម៉ាស៊ីនសំខាន់ នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មក ការរួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក បានលើសពី៣០% ដែលនេះជាកម្លាំងដ៏សំខាន់ជំរុញពាណិជ្ជកម្ម និងការវិនិយោគពិភពលោក។ ភាពលេចធ្លា និងភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ចិន បានផ្តល់តួនាទីកាន់តែសកម្មបន្ថែមទៀត ដល់ប្រទេសចិនក្នុងអភិបាលកិច្ចសកល ដែលក្នុងនោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្រទេសចិនបាន ផ្តល់វេទិកាសហប្រតិបត្តិការថ្មី និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ធ្វើទំនើបកម្មសង្គមរបស់ខ្លួនឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន។

ដោយជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រទេសចិនបន្តជាប់ជានិច្ចនូវការប្រកាន់ខ្ជាប់មាគ៌ា នៃការអភិវឌ្ឍឈរលើសន្តិភាពក្នុងចរន្តពហុភាគីនិយម ព្រមទាំងជាលំនឹងសកលដែលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក។ មិនថាលើវិស័យសេដ្ឋកិច្ចដូចជា RCEP ឬការផ្តល់វ៉ាក់សាំងនិងជំនួយផ្នែកវេជ្ជសាស្រ្តនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនោះទេ ប្រទេសចិនតែងបង្ហាញជាប់ជានិច្ចនូវទំនួលខុសត្រូវ របស់ខ្លួនក្នុងនាមជាប្រទេសមហាអំណាច និងគិតគូរដល់ផលប្រយោជន៍របស់មនុស្សជាតិ។

បន្ថែមពីលើនេះ ស្ថិតនៅក្នុងបរិបទមិននឹងនរនៃសេដ្ឋកិច្ចសកល រួមជាមួយកម្លាំងប្រកួតប្រជែងស្របតាមនិន្នាការ យុគសម័យទីផ្សារសេរី បានផ្តល់កម្លាំងចលករជំរុញឱ្យក្រុមហ៊ុនចិន បង្កើនប្រសិទ្ធភាព និងនវានុវត្តកាន់តែខ្ពស់លើ វិស័យបច្ចេកវិទ្យា។ ជាលទ្ធផល បន្ទាប់ពីការបើកដំណើរការឧស្សាហកម្មរថយន្ត ដោយបានឆ្លងកាត់ការផ្លាស់ប្តូរពី «ទីផ្សារសម្រាប់បច្ចេកវិទ្យា» ទៅជានវានុវត្តភាពជឿនលឿនហួសពី ការស្មានរបស់ពិភពលោក ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD រកបានប្រាក់ចំណូលក្នុងទំហំទឹកប្រាក់ប្រមាណ ១០៧ពាន់លានដុល្លារដែលធ្វើឱ្យ មានភាពខ្លាំង នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន។

កិច្ចខិតខំផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន មិនត្រឹមបានចូលរួមនៅក្នុង ការបង្កើនផលិតផលប្រើប្រាស់ថាមពល កកើតឡើងវិញ ដែលមានគុណភាពល្អនិងតម្លៃសមរម្យ ចូលក្នុងទីផ្សារសកលប៉ុណ្ណោះ ថែមទាំងបានចូលរួមពង្រីកនិងពន្លាត ការអភិវឌ្ឍសកលបៃតងនិងការអភិវឌ្ឍ នៃឧស្សាហកម្មនវានុវត្តទាន់យុគសម័យបច្ចេកវិទ្យាទំនើប ព្រមទាំងឆ្លើយតបទាន់ពេលវេលា មកដល់ នៃគោលដៅរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ឆ្នាំ២០៣០ថែមទៀតផង។

ជារួម ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប ខ្ញុំយល់ថា បទពិសោធន៍មហិមាដែលខ្លួនទទួលបានពីការសាកល្បងនានា ក្នុងរយៈពេលកន្លះសតវត្សរ៍នេះ បានលើកទឹកចិត្តដល់ប្រទេសចិន នឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការបើកចំហកាន់តែ ទូលាយដោយជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានា ជុំវិញពិភពលោក។ បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនបង្ហាញថា ការបើកចំហនាំមកនូវវឌ្ឍនភាព កំណែទម្រង់ជំរុញភាពរឹងមាំ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ ដែលអាចនាំទៅរកលទ្ធផលឈ្នះ-ឈ្នះ។

នៅក្នុងដំណើរការនៃការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ប្រទេសចិននឹងបន្តលើកកម្ពស់ វិបុលភាពសកល តាមរយៈការអភិវឌ្ឍរបស់ខ្លួន និងរួមគ្នាប្រកៀកស្មារជាមួយប្រទេសដទៃទៀតក្នុងពិភពលោក ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន