(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា មនុស្សជាង ១ ៦៤៤នាក់បានស្លាប់ ខណៈ៣ ៤០៨នាក់រងរបួស និងយ៉ាងហោចណាស់មនុស្ស ១៣៩នាក់កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រវាយប្រហារប្រទេសនេះ កាលពីថ្ងៃសុក្រ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ ២០២៥។
មេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា បានអនុញ្ញាតឱ្យបុគ្គលិកជួយសង្គ្រោះបរទេសជាច្រេីននាក់ ចូលរួមក្នុងការជួយសង្រ្គោះ នាថ្ងៃសៅរ៍នេះ។ ប្រទេសដែលបានប្រកាសផ្តល់ជំនួយមានដូចជា ចិន រុស្ស៉ី កូរ៉ខាងត្បូង ជប៉ុន និងសិង្ហបុរី ។ ក្រុមសង្រ្គោះចិន និងរុស្ស៉ី ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ។
ប្រទេសថៃ ដែលរងគ្រោះដោយការរញ្ជួយដីនេះដែរ ក៏គ្រោងនឹងដាក់ពង្រាយបុគ្គលិកយោធា និងធនធានផ្សេងទៀតដើម្បីជួយ ដល់មីយ៉ាន់ម៉ាផងដែរ។ តាមអនុរដ្ឋមន្ត្រីការពារជាតិថៃ លោក Nattapol Nakpanich នាថ្ងៃទី៣០ ខែមីនា ក្រុមមួយមានបុគ្គលិក ៤៩នាក់មកពីកងយោធពលខេមរភូមិន្ទថៃនឹងត្រូវបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា។ ចំណែក នៅឯប្រទេសថៃ ដែលបានទទួលរងឥទ្ធិពលរំញ័រខ្លាំង ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដែរនោះ មានមនុស្សយ៉ាងហោច១០នាក់ស្លាប់ និងបាត់ខ្លួនជាង ១០០នាក់នៅការដ្ឋានសំណង់៣កន្លែង ក្នុងទីក្រុងបាងកក៕