(ណៃពិដោរ)៖ ក្រុមឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាសបទឈប់បាញ់មួយផ្នែករយៈពេល២សប្ដាហ៍ ខណៈរបបយោធានៅថ្ងៃអាទិត្យ ទី៣០ ខែមីនា បានចាប់ផ្ដើមសម្របសម្រួល ដល់ប្រតិបត្តិការជួយសង្រ្គោះ និងការផ្ដល់ជំនួយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានវាយប្រហារលើប្រទេសដែលកំពុងមានសង្រ្គាមស៊ីវិលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលស្រមោលរួបរួមជាតិ បានឱ្យដឹងថាកងកម្លាំងការពារប្រជាជន (PDF) នឹងអនុវត្តបទឈប់បាញ់រយៈពេល២សប្ដាហ៍ នៅក្នុងប្រតិបត្តិការវាយលុក លើកលែងសកម្មភាពការពារខ្លួន នៅតាមតំបន់ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដី ដោយនឹងចាប់ផ្ដើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥»។ រដ្ឋាភិបាលស្រមោលក៏បានបញ្ជាក់ដែរថាខ្លួន នឹងធ្វើការសម្របសម្រួលជាមួយ UN និងបណ្ដាអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីធានានូវសន្តិសុខ ការដឹកជញ្ជូន ព្រមទាំងការបង្កើតជំរំជួយសង្រ្គោះ និងតង់ស្នាក់នៅបណ្ដោះអាសន្ន នៅ តាមតំបន់ដែលខ្លួនកំពុងគ្រប់គ្រង។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័របានវាយប្រហារលើភាពពាយព្យនៃទីក្រុង Sagaing នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ហើយក៏បង្កផល ប៉ះពាល់ដល់ប្រទេសក្បែរខាងដូចជាថៃផងដែរ។ តាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ ខណៈនៅទីក្រុងបាងកក មានអ្នកស្លាប់ ១០នាក់ ដោយសារ គ្រោះរញ្ជួយដីនេះ៕