(ហ្សឺណែវ)៖ ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាម៉ាន់ កំពុងរងការរំខានដោយសារតែការខូចខាតផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងដុតដៃដុតជើងផ្ដល់ជំនួយ ដល់ប្រជាជនរងគ្រោះដោយសារគ្រោះរញ្ជួយដី។ នេះបើតាមការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារលើភាពពាយព្យនៃទីក្រុង Sagaing នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ហើយក៏បង្កផលប៉ះពាល់ដល់ប្រទេស ក្បែរខាងដូចជាថៃផងដែរ។ តាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ ខណៈនៅទីក្រុងបាងកក មានអ្នកស្លាប់ ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ។

ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនាថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រដែលបានបង្កការបំផ្លិចបំផ្លាញ ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗមានដូចជាស្អាន និងផ្លូវថ្នល់សំខាន់ៗមួយចំនួន ដែលនេះបានបង្កផលលំបាកដល់ប្រតិបត្តិការមនុស្សធម៌ ចូលទៅកាន់តំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់។ ទីភ្នាក់ងាររបស់ UN មួយនេះ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ការខូចខាតដល់ផ្លូវល្បឿនលឿន Yangon-Nay Pyi Taw-Mandalay បានបង្កការរំខាន ហើយស្នាមប្រេះ និងការប្រែប្រួលទ្រង់ទ្រាយ មួយចំនួនបានបង្ខំឱ្យរថយន្ដធំៗត្រូវផ្អាកធ្វើប្រតិបត្តិការ»។

គួរបញ្ជាក់ថា តាម OCHA នៅមន្ទីរពេទ្យជាច្រើននៅភាគកណ្ដាល និងភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា កំពុងព្យាយាមដោះស្រាយបញ្ហាលំហូរអ្នករងរបួសដោយសារគ្រោះរញ្ជួយដី។ ចំណែក រថយន្ដ ដឹកតង់ស្នាក់នៅបណ្ដោះអាសន្ន បរិក្ខារពេទ្យ និងជំនួយនានាចំនួន១៧គ្រឿង គ្រោងនឹងធ្វើដំណើរទៅដល់តំបន់រងគ្រោះនៅថ្ងៃអាទិត្យ ទី៣០ ខែមីនា៕