(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមានបញ្ហាធំ ប្រសិនបើលោកស្រាប់តែលែងចង់ចុះកិច្ចព្រមព្រៀង ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ គូសបញ្ជាក់ថា «ខ្ញុំឃើញថាគាត់ (លោកហ្សេលេនស្គី) កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងរ៉ែកម្រ។ ហើយប្រសិនបើគាត់ធ្វើដូចនោះ គាត់មិនមែនជួបបញ្ហាខ្លះៗទេ តែគឺជាបញ្ហាធំ»។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមធ្វើជាអ្នកសម្របសម្រួលបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៉ី ហើយកំពុងជំរុញឱ្យលោក ហ្សេលេនស្គី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីធ្វើឱ្យក្រុមហ៊ុនអាមេរិកមានសិទ្ធិទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន៕