(ហ្សឺណែវ)៖ សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានបើកការអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដើម្បីស្វែងរកថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ជនរងគ្រោះពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍ បានលើកឡើងដូច្នេះថា «ដើម្បីបង្កើនការគាំទ្រ IFRC ចាប់ផ្តើមការអំពាវនាវជាបន្ទាន់រកថវិកា ១១៥លានដុល្លារដើម្បីជួយដល់មនុស្ស ១០០ ០០០នាក់ ឬ ២០ ០០០គ្រួសារ ជាមួយនិងការសង្គ្រោះអាយុជីវិត ការផ្តល់ជំនួយសង្គ្រោះ ក្នុងរយៈពេល ២៤ខែខាងមុខ»។
ខណៈសីតុណ្ហភាពកំពុងហក់ឡើង ហើយរដូវមូសុងខិតជិតមកដល់ សហគមន៍ដែលរងផលប៉ះពាល់ត្រូវការស្វែងរកស្ថេរភាព មុនពេលមានវិបត្តិបន្ទាប់បន្សំ ដោយលោកស្រី Alexander Matheou នាយកប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិករបស់ IFRC និយាយថា «នេះមិនមែនគ្រាន់តែជាគ្រោះមហន្តរាយនោះទេ តែជាវិបត្តិមនុស្សធម៌ដ៏ស្មុគស្មាញ គ្របដណ្តប់លើភាពងាយរងគ្រោះដែលមានស្រាប់»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងខ្ទង់ ១ ៧០០នាក់ របួសចំនួន ៣ ៤០០នាក់ និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ សមាគមកាកបាទក្រហមមីយ៉ាន់ម៉ា បានប្រមូលផ្តុំអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ៕