(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានទាមទារជាថ្មីឱ្យក្រុមហាម៉ាសទម្លាក់អាវុធ ហើយឱ្យមេដឹកនាំរបស់ពួកគេចាកចេញពីតំបន់ហ្កាហ្សា ជាមួយនិងការសន្យាបង្កើនសម្ពាធលើក្រុមនេះ ដំណាលគ្នានឹងការប្រឹងប្រែងនាំចំណាប់ខ្មាំងត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។
លោក Netanyahu និយាយថា អ៉ីស្រាអែលនឹងធ្វើការដើម្បីអនុវត្ត «ផែនការចាកចេញពីហ្កាហ្សាដោយស្ម័គ្រចិត្ត» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយគណៈរដ្ឋមន្ត្រីរបស់លោក ក៏បានយល់ព្រមដែរក្នុងការបន្តដាក់សម្ពាធលើក្រុមហាម៉ាស។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហាម៉ាស បានយល់ព្រមលើលក្ខខណ្ឌនៃបទឈប់បាញ់ហ្កាហ្សាដំណាក់កាលថ្មី ដែលនឹងមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ៥នាក់ក្នុងមួយសប្តាហ៍។ មន្រ្តីជាន់ខ្ពស់ហាម៉ាស លោក Sami Abu Zuhri បាននិយាយថា «សម្តីលោក Netanyahu បង្ហាញពីរូបមន្តនៃការកើនឡើងភាពតានតឹងគ្មានទីបញ្ចប់ នៅក្នុងតំបន់»។
គួរបញ្ជាក់ថា ការបន្តវាយប្រហារលើតំបន់ហ្កាហ្សាឡើងវិញនាថ្ងៃទី១៨ ខែមីនា បាននាំឱ្យប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួននៅភាគខាងជើងហ្កាហ្សា ជាកន្លែងដែលពួកគេបានត្រឡប់មកវិញ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស កាលពីខែមករា៕