(បរទេស)៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់​ TikTok ជនជាតិចិនគឺ ByteDance ដើម្បីលក់កម្មវិធីដ៏ពេញនិយមដែលមានប្រើប្រាស់អាមេរិកប្រមាណ ១៧០ លាននាក់ នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

Trump បានកំណត់ថ្ងៃផុតកំណត់នៅក្នុងខែមករា ដោយតម្រូវឱ្យ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ស្វែងរកអ្នកទិញដែលមិនមែនជាជនជាតិចិន ឬប្រឈមនឹងការហាមឃាត់ដ៏មានសក្តានុពលនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃអាទិត្យថា «យើងមានអ្នកទិញសក្តានុពលជាច្រើន» ។ ខណៈពួកគេ «មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុង Tiktok» លោកបានបន្ថែមថា «ខ្ញុំចង់ឃើញ Tiktok បន្តដំណើការ»

យ៉ាងណា ជុំវិញរបាយការណ៍នេះក្រុមការងារ TikTok នៅមិនទាន់មានការបញ្ចេញមតិឆ្លើយតបនៅឡើយនោះទេ។

របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រសប្តាហ៍មុនរាយការណ៍ថា មានក្រុមហ៊ុនភាគហ៊ុនឯកជនមួយទៀតឈ្មោះ Blackstone កំពុងបង្ហាញខ្លួនវាយតម្លៃលើការវិនិយោគនៅក្នុងប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ Blackstone កំពុងពិភាក្សាអំពីការចូលរួមជាមួយម្ចាស់ភាគហ៊ុនដែលមិនមែនជាជនជាតិចិនដែលមានស្រាប់របស់ ByteDace ដែលដឹកនាំដោយ Susquehanna International Group និង General Atlantic ក្នុងការរួមចំណែកដើមទុនថ្មីដើម្បីដេញថ្លៃសម្រាប់អាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក។ ខណៈក្រុមនេះត្រូវបានគេរាយការណ៍ថា បានលេចមុខកាលពីប៉ុន្មានសប្តាហ៍មុន។

គួរជម្រាបថា ជុំវិញរឿងរ៉ាវដែលកើតឡើងជាបន្តបន្ទាប់នៅលើ TikTok គឺដោយសារតែអាមេរិមានកង្វល់ថាកម្មវិធីនេះអាចត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលចិនសម្រាប់ប្រតិបត្តិការដ៏មានឥទ្ធិពល ឬការប្រមូលទិន្នន័យលើពលរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយដែលត្រូវបានបង្ហាញទាក់ទងនឹងការលក់នោះទេ ប៉ុន្តែលោក Trump នៅតែសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេចមុនកាលបរិច្ឆេទកំណត់។ ខណៈកាលពីពេលថ្មីនេះលោក Trump ធ្លាប់បានបង្ហើបថា អនាគត TikTok នៅក្នុងកណ្តាប់ដៃរបស់លោក លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ៕