(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៉ី លោក Anwar Ibrahim បានប្រកាសថា ម៉ាឡេស៉ីនឹងផ្តល់ជំនួយមនុស្សធម៌ គិតជាទឹកប្រាក់ស្មើនឹង១០លានរីងហ្គីត ឬស្មើនឹង ២.៣លានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយសាររញ្ជួយដី នៅមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។
ក្រៅពីប្រកាសផ្តល់ជំនួយ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ម៉ាឡេស៉ីក៏បានបញ្ជូនក្រុមជួយសង្រ្គោះគ្រោះហន្តរាយ ចំនួន៥០នាក់ ទៅកាន់រដ្ឋធានីណៃពិដោនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងមនុស្សធម៌ និងសង្រ្គោះនៅទីនោះ។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ លោក Anwar បានថ្លែងថា ការចូលរួមចំណែកនេះ ឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ និងសាមគ្គីភាពរបស់ម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥។ បើតាមលោក Anwar រូបលោកបានបង្គាប់ឱ្យលោក Mohamad Hasan រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី ដឹកនាំបេសកកម្មមនុស្សធម៌មួយ ទៅកាន់មីយ៉ាន់ម៉ា នៅសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារចំប្រទេសមីយ៉ាន់ម៉ា ជាហេតុបង្កឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅតំបន់ដូចជា Mandalay, Bago, Magway, Shan, Sagaing និង Naypyidaw។ បណ្តាប្រទេសខាង ក៏បានទទួលរងឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីដ៏ខ្លាំងនោះផងដែរ ជាពិសេសនៅប្រទេសថៃ ដែលមានមនុស្សស្លាប់យ៉ាងហោច១៧នាក់ និង៧៧នាក់បាត់ខ្លួន។ នៅមីយ៉ាន់ម៉ាផ្ទាល់ មានមនុស្ស១៧០០នាក់ស្លាប់ របួស៣៤០០នាក់ និងបាត់ខ្លួនជាង៣០០នាក់ផ្សេងទៀត៕