(បាងកក)៖ អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃ TAT កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា បានប្រកាសថា គម្រោងរៀបចំពិធីបុណ្យសង្រ្កាន្តទ្រង់ទ្រាយធំ នៅទូទាំងប្រទេសថៃ ដើម្បីអបអរឱកាសចូលឆ្នាំថ្មី នឹងប្រព្រឹត្តទៅជាធម្មតា តាមផែនការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។

TAT បាននិយាយថា ក្រោយវាយតម្លៃល្អិតល្អន់ចំពោះស្ថានការណ៍ ក្រោយហេតុការណ៍រញ្ជួយដី កាលពីថ្ងៃសុក្រសប្តាហ៍មុន ខ្លួនបានរកឃើញថា ស្ថានភាពនៅរាជធានីបាងកក ព្រមទាំងតំបន់ដទៃទៀតទូទាំងប្រទេស គឺបានត្រឡប់រកភាពប្រក្រតីវិញហើយ។ តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិ Don Mueang និង Suvarnabhumi នៅទីក្រុងបាងកក បានបន្តធ្វើប្រតិបត្តិជាធម្មតា ហើយក្រុមហ៊ុនអាកាសចរណ៍នានា ក៏បន្តផ្តល់សេវាកម្ម ដូចសព្វដងផងដែរ។

ទន្ទឹមគ្នានេះ សេវាដឹកជញ្ជូនសាធារណៈ ជាពិសេសសេវារថភ្លើងអគ្គិសនី ដែលធ្វើប្រតិបត្តិការ ដោយ BTSC និង MRT នៅបន្ត​ដំណើរការក្នុងសមត្ថភាពពេញលេញ។ រីឯសណ្ឋាគារ និងកន្លែងកម្សាន្តនានា នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក៏មិនបាន​រងការប៉ះពាល់អ្វីដែរ។ TAT បានរាយការណ៍ថា មិនមានការលុបចោលការកក់ពីភ្ញៀវទេសចរ ឬក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ នោះឡើយ។

មិនតែប៉ុណ្ណោះ TAT បានបន្ថែមថា ផ្លូវហាយវ៉េនៅទូទាំងប្រទេស មិនបានរងការខូចខាត និងអាចប្រើប្រាស់បានទាំងស្រុង សម្រាប់ការធ្វើដំណើរ។ ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ TAT បាននិយាយថា ខ្លួននឹងសហការគ្នាជាមួយ វិទ្យាស្ថានវិស្វកម្ម និងនាយកដ្ឋានសាធារណការថៃ ដើម្បីត្រួតពិនិត្យសណ្ឋាគារខ្ពស់ៗ។ អាជ្ញាធរ TAT បានធានាអះអាងថា គម្រោងរៀបចំពិធីបុណ្យសង្រ្កាន្តចូលឆ្នាំយ៉ាងឱឡារិក នៅទីក្រុងបាងកក ឆៀងម៉ៃ ក៏ដូចជាទីតាំងដទៃទៀត នឹងមិនរងការប៉ះពាល់ទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រទេសថៃ បានទទួលរងឥទ្ធិពលខ្លាំង នៃគ្រោះរញ្ជួយនៅកម្រិត៧.៧រ៉ិចទ័រ ចេញមកពីប្រទេសមីយ៉ាន់ម៉ា។ នៅទីក្រុងបាងកក អគារមួយខ្នង កម្ពស់៣០ជាន់ ដែលកំពុងសាងសង់ សម្រាប់បម្រើជា ការិយាល័យសវនកម្មរបស់រដ្ឋាភិបាល បានដួលរលំ ហើយផ្តាច់ជីវិត​កម្មករយ៉ាងហោច១០នាក់ ខណៈប្រហែល៨០នាក់ទៀត នៅបន្តបាត់ខ្លួន។ ក្រៅពីនេះ ក៏មានមនុស្ស៧នាក់ទៀត បាត់បង់ជីវិត នៅកន្លែងផ្សេងទៀត ក្នុងទីក្រុងបាងកកផងដែរ ភាគច្រើននៅតាមការដ្ឋានសាងសង់៕