(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការដាក់ពន្ធគយលើប្រទេសដែលយកពន្ធពីអាមេរិក នឹងត្រូវធ្វើឡើងចំពោះប្រទេសទាំងអស់ មិនមែនចំពោះតែក្រុម​តូច​មួយ​ពី ១០ទៅ ១៥ប្រទេស​ ដែល​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ធំ​ៗ​ជាមួយសហរដ្ឋអាមេរិកនោះ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។

លោក ត្រាំ សន្យាបង្ហាញផែនការដាក់ពន្ធដ៏សម្បើមមួយ នាថ្ងៃពុធនេះ និងហៅថាជា «ថ្ងៃរំដោះជាតិ»។ កន្លងមក លោក​បាន​ដាក់ចេញនូវ​ពន្ធគយ​លើ​អាលុយមីញ៉ូម ដែកថែប ​រថយន្ត​រួច​ហើយ ជាមួយ​និង​ការ​ដំឡើង​ពន្ធ​លើ​ទំនិញនាំចូលគ្រប់ប្រភេទ​ពី​ចិន។ នៅលើយន្តហោះ Air Force One លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «យើងនឹងចាប់ផ្តើមជាមួយ ប្រទេសទាំងអស់។ ពិសេសគឺ​ប្រទេស​ទាំង​អស់ ​ដែល​យើង​កំពុង​កំណត់គោលដៅ»

គួរបញ្ជាក់ថា លោក ត្រាំ មើលឃើញថាពន្ធគយគឺជាមធ្យោបាយមួយ ដើម្បីការពារសេដ្ឋកិច្ចក្នុងស្រុក ពីការប្រកួតប្រជែងពិភពលោកដែលមិនយុត្តិធម៌ និងអាចយកធ្វើហេតុផលមកចរចារកលក្ខខណ្ឌល្អប្រសើរ សម្រាប់វិស័យបន្ទះឈីបអាមេរិក។ យ៉ាងនេះក្តី ការបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មកំពុងធ្វើឱ្យទីផ្សារច្របូលច្របល់ និងបង្កើតការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក៕