(យ៉ាំហ្គោន)៖ ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទ ទី៣១ ខែមីនា ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ បានកើនឡើងយ៉ាងខ្លាំងដល់ ២,០៥៦នាក់ហើយ ខណៈមនុស្សប្រមាណ ៣,៩០០នាក់ បានរងរបួស និងជិត ២៧០នាក់នៅបន្តបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ក្រុមអ្នកជួយសង្គ្រោះជាតិ និងអន្តរជាតិកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះរញ្ជួយដីនេះ។

ទន្ទឹមនឹងនោះ សម្ភារៈជំនួយសង្គ្រោះគ្រោះមហន្តរាយជាបឋម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ក៏បានមកដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទផងដែរ ដើម្បីជួយសម្រួលដល់កិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺជាកម្រិតដ៏ខ្លាំងក្លាបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ដែលបានវាយលុកប្រទេសក្នុងតំបន់អាស៊ានមួយនេះ ខណៈកំពុងជួបវិបត្តិដោយសារសង្រ្គាមរួចទៅហើយ៕