(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃចន្ទថា ក្រុមហ៊ុនអាមេរិកមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងរួមគ្នាក្នុងការទាញយកលោហធាតុដ៏កម្រនៅរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានព្រមានថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្តីប្រកាសនេះកើតឡើងចំពេលមានការលើកឡើង អំពីកិច្ចព្រមព្រៀងរុករករ៉ែដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាម។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានស្នើកាលពីខែកុម្ភៈថា អាមេរិកអាចចាប់អារម្មណ៍លើការរុករករួមគ្នាលើទុនបម្រុងរ៉ែដ៏កម្ររបស់រុស្ស៊ី ដែលមានទុនបម្រុងធំជាងគេទី ៥ របស់ពិភពលោក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាទេ ដោយសារទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកនៅរុស្ស៊ី ប៉ុន្តែលោកបានទទួលស្គាល់ថា «ក្រុមហ៊ុនមួយចំនួនកំពុងបង្ហាញចំណាប់អារម្មណ៍»។ លោក Peskov បានបន្ថែមថា ចំណាប់អារម្មណ៍នេះគឺមានទៅវិញទៅមក ដោយសារគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ បេសកជនវិនិយោគរបស់លោក ពូទីន គឺលោក Kirill Dmitriev ក៏បានប្រាប់កាសែត Izvestia ផងដែរថា ការពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកបានចាប់ផ្តើមហើយ។
គួរបញ្ជាក់ថា រ៉ែដ៏កម្រទាំង ១៧ ប្រភេទ មានសារៈសំខាន់សម្រាប់ការផលិតបច្ចេកវិទ្យាទំនើបៗ រួមទាំងរថយន្តអគ្គិសនី និងគ្រឿងយោធា។ សហរដ្ឋអាមេរិកប៉ាន់ប្រមាណថា រុស្ស៊ីមានទុនបម្រុងរ៉ែដ៏កម្រចំនួន ៣,៨ លានតោន។ គេរំពឹងថា កិច្ចសហប្រតិបត្តិការនេះអាចនឹងត្រូវបានពិភាក្សាបន្ថែមទៀតនៅក្នុងកិច្ចចរចារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនាពេលខាងមុខនៅអារ៉ាប៊ីសាអូឌីត៕