(សេអ៊ូល)៖ កូរ៉េខាងជើង បានបញ្ចេញជាលើកដំបូងនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង ដែលកំពុងស្ថិតនៅក្រោមការសាងសង់ និងជាប្រព័ន្ធអាវុធមួយដែលអាចបង្កការគំរាមកំហែងសន្តិសុខ ធ្ងន់ធ្ងរដល់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី៨ ខែមីនា បានបញ្ចេញរូបភាពជាច្រើនសន្លឹកពីនាវាមួយគ្រឿងដែលខ្លួនថា «នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរប្រដាប់ដោយមីស៊ីល អំឡុងធ្វើសេចក្ដីរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនទៅកាន់មូលដ្ឋានសាងសង់នាវាមួយកន្លែងជាទីដែលនាវាចម្បាំងមួយចំនួន កំពុងស្ថិតក្រោមការសាងសង់។
* មិនមែនជារឿងភ្ញាក់ផ្អើល
តាមពិតទៅ មហិច្ឆតាចង់បាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើង មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលធំដុំអ្វីទេ។ កូរ៉េខាងជើងបានបង្ហាញមហិច្ឆតាចង់ផលិតនាវាមុជទឹកប្រើបច្ចេកវិទ្យាទំនើប ប្រភេទនេះជាយូរណាស់មកហើយ។ ជាក់ស្ដែង គោលដៅសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរត្រូវបានប្រកាសជាលើកដំបូងកាលពីខែមករា ឆ្នាំ២០២១ នៅពេលដែលលោក គីម ជុងអ៊ុន ប្រកាស ដាក់ចេញនូវផែនការអភិវឌ្ឍអាវុធរយៈពេល៥ឆ្នាំ នៅឯសមាជលើកទី៨ នៃគណបក្សពលករកូរ៉េ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលកូរ៉េខាងជើង បញ្ចេញនាវាមុជទឹកប្រដាប់ដោយមីស៊ីលបាលិស្ទីគដំបូងបំផុត របស់ខ្លួន ឈ្មោះថា «Hero Kim Kun Ok» លោក គីម បានសង្កត់ធ្ងន់សាជាថ្មីពីគោលបំណងរបស់លោក ក្នុងការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង និងសារៈសំខាន់នៃការផលិតនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ។ អំឡុងការចុះត្រួតពិនិត្យការធ្វើតេស្ដមីស៊ីលគ្រូសបាញ់ចេញពីនាវាមុជទឹក កាលពីខែមករា ឆ្នាំ២០២៤ លោក គីម បន្តលើកឡើងជាថ្មីម្ដងទៀតពីការសាងសង់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ដែលនេះជាការគូសបញ្ជាក់ពីអាទិភាពដែលលោក គីម ផ្តោតលើកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
* តើនាវាមុជទឹកនុយក្លេអ៊ែរកើតចេញពីកិច្ចសហប្រតិបត្តិការយោធារុស្ស៉ី និងកូរ៉េខាងជើង ឬ?
តាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) វាមានភាគរយខ្ពស់ដែលកូរ៉េខាងជើងអាចផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបាន ទាល់តែមានការជួយពីរុស្ស៉ី។ ចាប់តាំងពី សង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក កិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៉ីបានរីកចម្រើនធំធាត់យ៉ាងលឿនរហ័ស។ កូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់មីស៊ីល គ្រាប់ កាំភ្លើងធំ និងកងទ័ពទៅជួយរុស្ស៉ី ជាថ្នូរនឹងការទទួលបានពីរុស្ស៉ីមកវិញនូវស្បៀងអាហារ ប្រេង លុយ និងផលចំណេញពីពាណិជ្ជកម្ម។ CSIS ដោយផ្អែកលើរូបភាពផ្កាយរណបបានបង្ហាញពីការកើនឡើងនូវការធ្វើ សកម្មភាពនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំង២ អំឡុងកិច្ចប្រជុំកំពូលរបស់លោក គីម ជុងអ៊ុន ជាមួយលោក ពូទីន ក្នុងខែកញ្ញា ឆ្នាំ២០២៣។ ដោយឡែក បើតាមការសិក្សាផ្សេងទៀត កិច្ចព្រមព្រៀងអាវុធរបស់ រុស្ស៉ីជាមួយកូរ៉េខាងជើងមានទំហំទឹកប្រាក់ប្រហែល ៥.៥២ពាន់លានដុល្លារ។ តែទោះជាបែបនេះក្ដី ប្រធានផ្នែកកម្មវិធីកូរ៉េរបស់ CSIS បានកត់សម្គាល់ក្នុងរបាយការណ៍មួយកាលពីខែកកញ្ញា ឆ្នាំ២០២៣ ថារុស្ស៉ី ប្រហែលអាចបញ្ជូនបច្ចេកវិទ្យាទំនើបៗទៅឱ្យកូរ៉េខាងជើងជាថ្នូរទៅនឹងការផ្គត់ផ្គង់មីស៊ីល និងអាវុធពីទីក្រុងព្យុងយ៉ាង ក្នុងនោះរួមមានបច្ចេកវិទ្យាមីស៊ីលបាលិស្ទីគសម្រាប់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាសម្រាប់ផ្កាយរណបយោធា។ លើសពីនេះទៅទៀត សេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានប្រែក្លាយពីការសង្ស័យទៅជាការអះអាងតែម្ដងពាក់ព័ន្ធនឹង ការផ្ទេរបច្ចេកវិទ្យាទំនើបរបស់រុស្ស៉ីទៅឱ្យកូរ៉េខាងជើង។
* អី្វទៅជាផលវិបាក?
ដំបូងគេបំផុត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងបង្កភាពស្មុគស្មាញដល់បេសកកម្មសង្រ្គាមប្រឆាំងនាវាមុជទឹករបស់សហរដ្ឋអាមេរិក ជាពិសេសក្នុងករណីសង្រ្គាមផ្ទុះនៅលើតំបន់ ឧបទ្វីបកូរ៉េ និងកោះតៃវ៉ាន់។ ទី២៖ កិច្ចសហប្រតិបត្តិការរបស់រុស្ស៉ីស្ដីពីនាវាមុជទឹកនុយក្លេអ៊ែរកូរ៉េខាងជើង គឺជាភស្តុតាងមួយបង្ហាញថាភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងប្រទេសទាំង២ មានភាពរឹងមាំខ្លាំងជាងកាលពី សម័យសង្រ្គាមត្រជាក់។ អំឡុងសម័យសង្រ្គាមត្រជាក់ អតីតសហភាពសូវៀត មានការស្ទាក់ស្ទើរក្នុងការផ្ដល់ឱ្យកូរ៉េខាងជើងនូវបច្ចេកវិទ្យាអាវុធទំនើបៗបែបនេះ។ ជាឧទាហរណ៍ ក្នុងឆ្នាំ១៩៦៤ សូវៀត បានផ្ដល់ ម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវកម្ដៅ IRT-2000 មានកម្លាំង ៤មេហ្កាវ៉ាត់ ឱ្យកូរ៉េខាងជើង ដើម្បីសាកល្បងបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងចូលរួមក្នុងសិទ្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ទី៣៖ កម្រិតនៃបច្ចេកវិទ្យាទំនើប ដែលរុស្ស៉ីផ្ដល់ឱ្យកូរ៉េខាងជើង គឺឆ្លុះបញ្ចាំងពីការប្រែប្រួលតុល្យភាពនៃឥទ្ធិពលរវាងរុស្ស៉ី និងចិន ក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ចិនមិនអាចបញ្ឈប់កូរ៉េខាងជើងពីការផ្គត់ផ្គង់អាវុធ និងដាក់ពង្រាយកងទ័ពទៅ ជួយរុស្ស៉ីនោះទេ ដែលនេះអាចសន្មត់បានថាទីក្រុងប៉េកាំងបានបាត់បង់ឥទ្ធិពលមួយចំនួនដែរលើកូរ៉េខាងជើង។ ទី៤៖ កិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងកូរ៉េខាងជើងបានកាត់បន្ថយចំណង់របស់កូរ៉េខាងជើង ក្នុងការ ចូលរួមកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។ ដូច្នេះជាលទ្ធផលនៃការគាំទ្ររបស់កូរ៉េខាងជើងចំពោះរុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន នោះគឺការទទួលបានមកវិញនូវលុយ ប្រេងឥន្ធនៈ ស្បៀងអាហារ បន្ធូរបន្ថយសម្ពាធ នៃទណ្ឌកម្ម និងទទួលស្គាល់ជាក់ស្ដែងថាកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរមួយនឹងគេដែរ៕