(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទថា រុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន និងកែលម្អទំនាក់ទំនងទ្វេភាគី ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខឹងសម្បារចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ បានប្រាប់ទូរទស្សន៍ NBC News ថា លោកមានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីមេដឹកនាំរុស្ស៊ី បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយលោកបានគំរាមដាក់ពន្ធបន្ថែមពី ២៥% ទៅ ៥០% លើអ្នកទិញប្រេងរុស្ស៊ី។ ក្រោយមក លោក ត្រាំ បាននិយាយសារជាថ្មីទៅកាន់អ្នកសារព័ត៌មានថា លោកមានការខកចិត្តចំពោះលោក ពូទីន ប៉ុន្តែបានបន្ថែមថា «ខ្ញុំគិតថាយើងកំពុងធ្វើឱ្យមានការរីកចម្រើនមួយជំហានម្តងៗ»។
នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ ខាងលើ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា ទីក្រុងម៉ូស្គូកំពុងបន្តធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយថាលោក ពូទីន នៅតែបើកចំហចំពោះការទំនាក់ទំនងជាមួយលោក ត្រាំ។លោកបានកត់សម្គាល់ថា ការងារកំពុងដំណើរការ ប៉ុន្តែមិនទាន់មានលទ្ធផលជាក់លាក់ណាមួយនៅឡើយទេ ដោយសារតែភាពស្មុគស្មាញនៃបញ្ហា។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ ក៏បានលើកឡើងផងដែរ អំពីលទ្ធភាពនៃការសន្ទនាតាមទូរសព្ទរវាង លោក ត្រាំនិង លោក ពូទីន ប្រសិនបើចាំបាច់៕