(UN)៖ អង្គការសហប្រជាជាតិ (UN) បានព្រមានថាការកាត់ផ្ដាច់ជំនួយកំពុងគំរាមកំហែងដល់ភាពរីកចម្រើនជាច្រើនឆ្នាំមកនេះ ក្នុងការកាត់បន្ថយអត្រាស្លាប់របស់ស្ត្រីអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ហើយអាចនឹងនាំឱ្យអត្រាស្លាប់កើនឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារជាច្រើនរបស់ UN ក្នុងនោះរួមមានទាំងអង្គការសុខភាពពិភពលោក WHO បានបង្ហាញនៅថ្ងៃចន្ទ ទី៧ ខែមេសា ថានៅជុំវិញពិភពលោក អត្រាស្លាប់ក្នុងពេលពពោះ និងសម្រាលកូនរបស់ស្ត្រី បានធ្លាក់ចុះ ៤០ភាគរយ ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ មួយផ្នែកធំដោយសារតែលក្ខណៈអំណោយផលក្នុងការស្វែងរក និងទទួលបានសេវាសុខភិបាលដ៏ល្អប្រសើរ។ ប៉ុន្តែ WHO បានព្រមានថាអត្រាអ្នកស្លាប់អាចនឹងកើនឡើង ជាពិសេសក្រោយការកាត់ផ្ដាច់ជំនួយ។ WHO មិនបានលើកឡើងចំៗពីការផ្ដាច់ជំនួយណាមួយទេ តែការចេញផ្សាយរបាយការណ៍ខាងលើកើតមានឡើងចំពេល រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្កកជំនួយនៅក្រៅប្រទេស និងកំពុងកាត់ផ្ដាច់ជំនួយតាមរយៈអង្គការ USAID សម្រាប់កម្មវិធីជាច្រើន។
គួរបញ្ជាក់ថា បើតាម WHO ការកាត់ផ្ដាច់ជំនួយ បានបង្កផលប៉ះពាល់រួចទៅហើយដល់ការគាំទ្រលើសេវាសំខាន់ៗសម្រាប់កម្មវិធីសុខភាពរបស់ម្ដាយ ទារក និងកុមារ នៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនោះរួម មានការកាត់បន្ថយបុគ្គលិកជាដើម។ មិនតែប៉ុណ្ណោះ ការផ្ដាច់ជំនួយដល់កម្មវិធីមួយចំនួនទៀត ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងការព្យាបាលអ្នកឆ្លងមេរោគអេដស៍ ក៏អាចនឹងបង្កផលប៉ះពាល់ដល់ អត្រាសង្ឃឹមរស់របស់ស្ត្រីក្នុងពេលពពោះ និងសម្រាលកូនផងដែរ៕