(ហ្កាហ្សា)៖ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី៦ ខែមេសា បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣២នាក់ ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ខណៈនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ពិភាក្សាអំពីសង្រ្គាម នៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
យោធាអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ជម្លៀសខ្លួនចេញពីតំបន់ជាច្រើនស្ថិតនៅក្បែរទីក្រុង Deir al-Balah នៃភាគកណ្ដាលតំបន់ហ្កាហ្សា ក្រោយមានគ្រាប់រ៉ុក្កែត ១០គ្រាប់ ត្រូវបាន បាញ់ចេញពីហ្កាហ្សាតម្រង់ទៅរកទីក្រុងមួយចំនួនរបស់អ៉ីស្រាអែល។ តាមយោធាអ៉ីស្រាអែល គ្រាប់រ៉ុក្កែត ៥គ្រាប់ត្រូវបានស្ទាក់បាញ់បំផ្លាញ រីឯក្រុមហាម៉ាសបានអះអាងទទួលខុសត្រូវ។ ប៉ូលិសអ៉ីស្រាអែលវិញ រ៉ុក្កែតមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Ashkelon ហើយបំណែកនៃគ្រាប់រ៉ុក្កែតនេះបានធ្លាក់រប៉ាត់រប៉ាយ ធ្វើឱ្យបុរសម្នាក់រងរបួសស្រាល។ ភ្លាមៗក្រោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតនេះ យោធាអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសកម្ទេចជើងទម្របាញ់គ្រាប់រ៉ុក្កែតមួយក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីខែមីនា បានបិទបញ្ចប់បទឈប់បាញ់របស់ខ្លួនជាមួយក្រុមហាម៉ាស និងបានដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនក្នុងតំបន់ហ្កាហ្សា សំដៅដាក់សម្ពាធឱ្យហាម៉ាសទទួលយក បទឈប់បាញ់ថ្មីមួយ និងដោះលែងចំណាប់ខ្មាំងនៅសេសសល់៕