(ហ្សឺណែវ)៖ បណ្តាប្រទេសសហភាពអឺរ៉ុប (EU) នឹងស្វែងរកការរួបរួមគ្នាប្រឆាំងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទំនងជាមាននូវការអនុម័តវិធានការលេីការនាំចូលបន្ថែមទៀត គិតជាទឹកប្រាក់ ២៨ពាន់លានដុល្លារ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥ ។

ប្លុក ២៧ប្រទេស បានប្រឈមមុខនឹងពន្ធ នាំចូល ២៥ភាគរយលើដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធគយឆ្លេីយតប ២០ភាគរយសម្រាប់មុខទំនិញស្ទើរគ្រប់ប្រភេទផ្សេងទៀត ដែលត្រូវចូលជាធរមាននៅថ្ងៃពុធនេះ។

នាល្ងាចថ្ងៃចន្ទ​ គណៈកម្មការអឺរ៉ុបនឹងស្នើដល់សមាជិករបស់ខ្លួនឱ្យបង្ហាញឈ្មោះផលិតផលអាមេរិកដែលត្រូវដាក់បន្ទុកបន្ថែម ដើម្បីសងសឹកនឹកពន្ធដែកថែប ក៏ដូចជាអាលុយមីញ៉ូម ជាជាងការយកពន្ធឆ្លេីយតបធំដុំ។ ផលិតផលដែលត្រូវបានកំណត់ ក៏រួមបញ្ចូលនូវសាច់ គ្រាប់ធញ្ញជាតិ ស្រា ឈើ និងសម្លៀកបំពាក់ ព្រមទាំងស្ករកៅស៊ូ ខ្ចៅធ្មេញ ម៉ាស៉ីនបូមធូលី និងក្រដាសសម្រាប់ប្រេីក្នុងបន្ទប់ទឹកផងដែរ។

យ៉ាងនេះក្តី ផលិតផលមួយដែលចង់ឱ្យមានការយកពន្ធបន្ថែមពីអាមេរិក ហេីយសមាជិកនៃប្លុកកំពុងមិនចុះសម្រុងគ្នានោះ គឺស្រាប្រភេទវីស្គី។ គណៈកម្មការ អឺរ៉ុបកំណត់ឱ្យយកពន្ធរហូតដល់ ៥០ភាគរយ ក្រោយត្រូវលោក ត្រាំ គំរាមយកពន្ធ ២០០ភាគរយលេីផលិតផលគ្រឿងស្រវឹងរបស់ EU ប្រសិនបើប្លុកនេះដំឡេីងពន្ធលេីអាមេរិកដូចគ្នា។

ចំណាត់ការរបៀបនេះ​ អាចមានន័យថា EU ចូលរួមជាមួយចិន និងកាណាដាក្នុងការដាក់ពន្ធសងសឹកលើអាមេរិកវិញ​ ទោះជាដំបូងឡេីយមានការភ័យខ្លាចថានឹងបង្កទៅជាសង្គ្រាមពាណិជ្ជកម្មពិភពលោកក៏ដោយ។ ពន្ធគយខ្ពស់នឹងធ្វើឱ្យទំនិញឡេីងថ្លៃសម្រាប់អ្នកប្រើប្រាស់ និងជំរុញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ក្នុងវិបត្តិ៕