(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានប្រកាសថានឹងជំរុញការចំណាយលើវិស័យការពារជាតិក្នុងចំនួន ៥ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល ៤ឆ្នាំទៅមុខ និងជាការចំណាយឱ្យដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងទូទាំងពិភពលោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក Christopher Luxon គូសបញ្ជាក់ថា «ការផ្តោតរបស់ខ្ញុំគឺសារៈសំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស។ តែទោះជាយ៉ាងណា វាមិនអាចមានភាពចម្រុងចម្រើនបានទេ បើគ្មានសន្តិសុខ ហើយការការពារជាតិគឺជាធាតុផ្សំដ៏សំខាន់»។
ផែនការការពារជាតិថ្មី បានដាក់ចេញនូវថវិកា ៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ដើម្បីបង្កើន សមត្ថភាពការពារជាតិ។ កងកម្លាំងការពារជាតិរបស់នូវែលសេឡង់ បានតស៊ូជាមួយនិងការចំណាយតិចជាប្រព័ន្ធ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដែលស្មើនឹងជាង ១ភាគរយនៃ GDP បច្ចុប្បន្ន។ ផែនការជំរុញការចំណាយក្នុងរយៈពេល ៤ឆ្នាំខាងមុខ នឹងវិនិយោគលើគម្រោងនានា ដូចជាការបង្កើនសមត្ថភាពវាយប្រហារ ទិញយន្តហោះដ្រូន និងឧទ្ធម្ភាគចក្រថ្មី ៗជាដេីម។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ត្រួតពិនិត្យសន្តិសុខឡេីងវិញ ឆ្នាំ ២០២៣ នូវែលសេឡង់បានអំពាវនាវឱ្យ មានការចំណាយលេីយោធាកាន់តែច្រើន និងការធ្វេីទំនាក់ទំនងកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសឥណ្ឌូប៉ាស៉ីហ្វិក ដើម្បីដោះស្រាយបញ្ហាកេីតចេញពីប្រែប្រួលអាកាសធាតុ និងកត្តាប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងលោកខាងលិច ចិន និងរុស្ស៉ី៕