(បារាំង)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង​ បានបង្ហាញទស្សន​វិស័យរបស់​លោកថា នៅប៉ុន្មានឆ្នាំ​ខាងមុខទៀត សហភាពអឺរ៉ុប​នឹងត្រូវការកងកម្លាំង​ប្រតិកម្ម​រហ័សរួម កញ្ចប់ថវិកាការពារជាតិ​តែមួយ និងគោលនយោបាយ​តែមួយសម្រាប់​សកម្មភាព ហើយបើតាម​លោក សហភាពអឺរ៉ុប ក៏គួរតែបង្កើតកង​កម្លាំងការពារស៊ីវិល​ និងប៉ូលិសព្រំដែន​តែមួយ​ផងដែរ។ នេះបើតាមកា​រ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

ការថ្លែងខាងលើ​របស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងសុន្ទរកថា​មួយ នៅឯសាកលវិទ្យាល័យ Paris-Sorbonne University កាលពី​ថ្ងៃអង្គារ និងនៅចំពេលដែល​គំនិតបង្កើតកងទ័ព​អឺរ៉ុបបាន ក្លាយជាប្រធានបទ​ជជែកដេញដោល​យ៉ាងផុលផុស ក្រោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យរដ្ឋ​ជាសមាជិកអង្គការណាតូ ជួយចេញថ្លៃ​ចាយវាយ បើសិនជាចង់យក សហរដ្ឋអាមេរិក ធ្វើជាឆ័ត្រ​នុយក្លេអ៊ែរ។​

ថ្លែងនាឱកាស​នោះដែរ ប្រធានាធិបតីបារាំង​កំពុងធ្លាក់កូដរូបនេះ បានគូសបញ្ជាក់​បន្ថែម​យ៉ាងដូច្នេះថា «​គោលបំណងនៃការ​បង្កើតកងកម្លាំង​យោធារួមគឺ ជួយឱ្យសហភាពអឺរ៉ុប​មានសមត្ថភាព​ធ្វើសកម្មភាព​ដោយស្វ័យភាព»។ ទោះជាបែបនេះក្តី លោក ម៉ាក្រុង ក៏បានអះអាងបន្ថែមថា កងទ័ពអឺរ៉ុបរួមនេះ​មិនមែនបង្កើតឡើង​ ដើម្បីជំនួសអង្គការណាតូ​នោះទេ តែវានឹងបំពេញ​សមត្ថភាពយោធា​បន្ថែម នៃប្រទេសជាសម្ព័ន្ធមិត្ត​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពី​ខែមិថុនាកន្លងទៅ ប្រធាន​គណកម្មាការអឺរ៉ុប​ លោក ហ្សង់ ក្លូដ ហ្សាំងឃើ (Jean-Claude Juncker) បាននិយាយថា សហភាពអឺរ៉ុបគួរតែ​មានកងទ័ពខ្លួនឯង ដោយមិនត្រូវពឹង​ផ្អែកទាំងស្រុង លើប្រទេស​ណាមួយនោះទេ តែគំនិតនេះត្រូវបាន​អង់គ្លេសជំទាស់ ដោយសំអាងថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់​ទំនាក់ទំនង​ជាមួយអង្គការណាតូ របស់សហរដ្ឋអាមេរិក៕

http://cdn.newsapi.com.au/image/v1/f1ddd39db1d9544742962f3ffdb8b1d9?width=650