(ឈីលី)៖ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ បានវាយប្រហារភាគជើងប្រទេសឈីលី ជាប់នឹងព្រំដែនប៉េរូ មានសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា មនុស្សដែលស្ថិតនៅតាមបណ្តោយឆ្នេរ ក្នុងតំបន់ទទួលរងឥទ្ធិពល អារីកា (Arica) ត្រូវបានជម្លៀសខ្លួន ហើយហេតុការណ៍រអិលបាក់ស្រុតដី ក៏បានកើតមានឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Express UK នៅល្ងាចថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS គ្រោះរញ្ជួយផែនដីខាងលើ មានជម្រៅ ៨២គីឡូម៉ែត្រ ទៅក្នុងដី និងមានចំណុចរំញ័រស្ថិតនៅចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រ ពីភាគខាងកើតតំបន់ Arica នៃប្រទេសឈីលី ។ ក្រៅពីនេះផ្នែកមួយចំនួននៃតំបន់រងគ្រោះ ក៏បានដាច់ចរន្តអគិ្គសនីផងដែរ ខណៈការិយាល័យសង្រ្គោះបន្ទាន់ជាតិឈីលីបានបញ្ជាក់ថា ពួកគេមិនទាន់ទទួលបានព័ត៌មានណាមួយ ស្តីពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើយ។
គួរបញ្ជាក់ថា ក្រោយពីកើតមានគ្រោះរញ្ជួយដីនេះ ពុំមានសេចក្តីប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងនោះឡើយ៕